លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានរងការចោទប្រកាន់ពីប្រព្រឹត្តមិនសមរម្យមួយ ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA កាលពីថ្ងៃចន្ទ ក្រោយពីការនិយាយរិះគន់របស់លោកក្នុងតង់ទី១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League របស់ក្រុមតោខៀវកាលពីថ្ងៃសៅរ៍ដែលនៅពេលនោះពួកគេបានរងបរាជ័យ ២-១ នៅពេលប្រកួតជាមួយនឹងក្រុម West Ham។
លោក Mourinho កំពុងតែប្តឹងឧទ្ធរណ៍រួចជាស្រេចប្រឆាំងនឹងការពិន័យជាទឹកប្រាក់៥ម៉ឺនផោន (ស្មើនឹង៧៦០០០ដុល្លារអាមេរិក) និងការពិន័យព្យួរមិនឲ្យចូលក្នុងកីឡដ្ឋានចំនួន១ប្រកួតសម្រាប់ការបញ្ចេញមតិផ្សេងៗ ដែលត្រូវបានធ្វើឡើងទាក់ទងនឹងមន្ត្រី ប្រចាំការប្រកួត ក្រោយពីក្រុម Chelsea បានរងបរាជ័យក្នុងផ្ទះខ្លួនឯងនៅពេលប្រកួតជាមួយនឹងក្រុម Southampton កាលពីដើមខែនេះ។
គ្រូបង្វឹកពោរពេញដោយបញ្ហារូបនេះ ប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀត ក្រោយពីត្រូវបានបណ្តេញចេញឲ្យទៅអង្គុយកៅអីរបស់អ្នកទស្សនា ដោយលោកអាជ្ញាកណ្តាល Jonathan Moss សម្រាប់ការដើរយ៉ាងលឿនទៅកាន់អាជ្ញាកណ្តាលរូបនេះនៅពេលដែលលោក Mourinho ចង់ជួបរូបលោកក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់របស់មន្ត្រីប្រចាំការប្រកួតអំឡុងពេលសម្រាកនៅឯកីឡដ្ឋាន Upton Park កាលពីថ្ងៃសៅរ៍។
FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោក Jose Mourinho ត្រូវបានចោទប្រកាន់ពីបទការប្រព្រឹត្តមិនសមរម្យ ទាក់ទងនឹងការប្រើប្រាស់ពាក្យសម្តី និងឥរិយាបថរបស់លោកទៅកាន់មន្ត្រីប្រចាំការប្រកួតក្នុង និងជុំវិញបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ក្នុងតង់ទី១»៕
ប្រភព៖ Channel News Asia , cambosport