ខ្សែប្រយុទ្ធ Diego Costa របស់ក្រុម Chelsea ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីបានរងរបួសឆ្អឹងជំនីរ អំឡុងពេលក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានរងបរាជ័យក្នុង ការប្រកួតពាន League Cup ដោយការស៊ុតបាល់ប៉េណាល់ទី នៅលើទឹកដីក្រុម Stoke City កាលពីថ្ងៃអង្គារ។
នេះបើយោងទៅតាមការបញ្ជាក់របស់លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅ។ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញដើមកំណើតប្រេស៊ីលរូបនេះ ហាក់ដូចជាធ្វើឲ្យរងរបួសខ្លួនឯងក្នុងការប៉ះទង្គិចមួយ ជាមួយនឹងអ្នកចាំទី Jack Butland របស់ក្រុម Stoke ហើយក្រោយពីការលេងបានបន្តិច រូបគេត្រូវបានប្តូរចេញនៅនាទី ទី៣៣ ខណៈដែលខ្សែប្រយុទ្ធ Loic Remy ជាអ្នកចូលជំនួសកន្លែងរបស់គេ។
នៅពេលត្រូវបានចោទសួរ ពីកម្រិតដែល Costa បានរងរបួស លោក Mourinho បានឆ្លើយថា៖ «ខ្ញុំមិនដឹងទេ។ ខ្ញុំគិតថា រូបគេបានដាល់ខ្លួនឯង»។ Chelsea បានរងបរាជ័យក្នុងលទ្ធផល ៥-៤ ដោយបាល់ប៉េណាល់ទី ខណៈដែល Butland បានសង្គ្រោះការស៊ុតបាល់កាត់សេចក្តីមួយពីសំណាក់ខ្សែបម្រើ Eden Hazard ក្រោយពីការប្រកួតនេះបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងម៉ោងធម្មតា។
Costa វ័យ២៧ឆ្នាំ គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ Chelsea កាលពីរដូវកាលមុនជាមួយនឹងការរកបាន២១គ្រាប់ក្នុងយុទ្ធនាការ លើកទី១របស់គេ ក្រោយពីផ្ទេរមកពីក្លិប Atletico Madrid ប៉ុន្តែ បានស៊ុតបាល់បញ្ចូលទីត្រឹមតែ ៣គ្រាប់គត់ក្នុងរាល់ការប្រកួតទាំងអស់នៅរដូវកាលនេះ៕
ប្រភព៖ Channel News Asia , cambosport