បើទោះបីជាការទទួលទានអាហារពេលព្រឹក មានប្រយោជន៍ជាងការមិនទទួលទានអាហារអ្វីសោះ តែការចេះជ្រើសរើសអាហារពេលព្រឹកដែលត្រឹមត្រូវមកទទួលទាន កាន់តែមានប្រយោជន៍ជាងនេះទៀត។ ការទទួលអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់ និងសមស្រប នឹងជួយឲ្យលោកអ្នកមានថាមពល និងសុខភាពល្អ។ ចុះការជ្រើសរើសផ្លែឈើមកទទួលទានជាអាហារពេលព្រឹកតែមួយមុខ ពិតជារឿងមួយសមស្របដែរឬទេ? ចម្លើយខាងក្រោមនេះ នឹងបកស្រាយចម្ងល់មួយនេះ។
សមាសភាពនៃអាហារពេលព្រឹក
អាហារពេលព្រឹកដែលល្អសម្រាប់សុខភាព គួរតែជាផ្លែឈើ ឬបន្លែ និងអាហារផ្ទុកប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាប ទឹកដោះគោ ។ វាជាសារធាតុចិញ្ចឹមដ៏មានប្រយោជន៍សម្រាប់សុខភាពរាងកាយ និងការពារមិនឲ្យឆាប់ឃ្លាន។ អាហារប្រភេទនេះមាននៅក្នុងផ្លែចេក ឪឡឹក ក្រួច ផ្លែស្ត្រប៊ឺរី បាយ កាហ្វេ តែ ទឹកដោះគោ ជាដើម។
អត្ថប្រយោជន៍នៃការទទួលទានផ្លែឈើនៅពេលព្រឹក
ផ្លែឈើផ្តល់វីតាមីន និងសារធាតុរ៉ែ ដូចជា វីតាមីន C និងប៉ូតាស្យូម។ វីតាមីន និងសារធាតុរ៉ែ ជួយឲ្យរាងកាយធ្វើចលនាបានល្អ និងអាចជួយការពារជំងឺជាច្រើន។ ផ្លែចេកជាជម្រើសល្អបំផុតក្នុងចំណោមផ្លែឈើផ្សេងៗទៀត។ ផ្លែឈើមានជាតិសរសៃនេះអាចជួយរក្សាតុល្យភាពអាហារនៅក្នុង ខ្លួនមិនឲ្យឆាប់ឃ្លានបាន។
ចំណុចដែលគួរពិចារណា
ការទទួលទានផ្លែឈើតែមួយមុខនៅពេលព្រឹកមិនមែនជារឿងល្អ សម្រាប់សុខភាព និងជួយឲ្យលោកអ្នកមានកម្លាំងបានយូររហូតនោះឡើយ។ មួយវិញទៀត ការទទួលទានផ្លែឈើច្រើនតែមួយមុខ វានឹងបង្កឲ្យកម្រិតឈាមឡើងខ្ពស់។ ជម្រើសល្អ លោកអ្នកត្រូវទទួលទានអាហារផ្សេងៗដែលមានជាតិប្រូតេអ៊ីន និងជាតិខ្លាញ់ផងដែរ ដូចជាបាយ គ្រាប់ធញ្ញជាតិនានា ឬ ពិសារភេសជ្ជៈ ដូចជា កាហ្វេ តែ ទឹកដោះគោ និង ភេសជ្ជៈមួយចំនួនទៀត៕