នៅពេលដែលយើងកាន់តែចាស់ សមត្ថភាពចងចាំរបស់យើងក៏កាន់តែចុះខ្សោយដែរ។ នេះគឺជាធម្មជាតិរបស់មនុស្សគ្រប់រូបដែលមិនអាចជៀសវាងបាន។ ទោះជាមិនអាចគេចផុតពីភាពចុះខ្សោយនេះក៏ដោយ ក៏យើងអាចពន្យារពេលបានខ្លះដែរ។
ខាងក្រោមនេះជាតិចនិក ៧ យ៉ាងជួយបង្កើនសមត្ថភាពចងចាំរបស់អ្នកឲ្យបានយូរអង្វែង៖
១. រៀនភាសាថ្មីៗបន្ថែមទៀត
ការរៀនភាសាថ្មីបន្ថែម មិនត្រឹមតែបង្កើនជំនាញទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាលំហាត់ខួរក្បាលមួយដ៏ល្អប្រសើរផងដែរ ដើម្បីបញ្ចៀសការចុះខ្សោយសមត្ថភាពចងចាំ។ ការរៀនភាសា ធ្វើឲ្យយើងចងចាំ និងស្គាល់ពាក្យជាច្រើន ដែលអាចឲ្យមុខងារខួរក្បាលមានការរីកចម្រើន។ ការរៀនភាសាគឺជាអាវុធដ៏មុតស្រួចប្រឆាំងទៅនឹងការភ្លេចភ្លាំង។
២. លេងហ្គេមផ្គុំរូប ឬហ្គេមស្វែងរកពាក្យ
ការលេងហ្គេមផ្សេងៗដូចជា ហ្គេមស្វែងរកពាក្យ ឬហ្គេមផ្គុំរូប សុទ្ធតែអាចបង្កើនចំណេះដឹងទូទៅ និងជួយបញ្ចៀសបាននូវការឆាប់ចុះខ្សោយនៃខួរក្បាល។
៣. ស្ដាប់តន្ត្រី
តន្ត្រីក៏ផ្ដល់លំហាត់ប្រាណខួរក្បាលដ៏ល្អប្រសើរផងដែរ។ ទោះជាវា មិនបានផ្ដល់ផលប្រយោជន៍ដល់រាងកាយក៏ពិតមែន ប៉ុន្តែការស្ដាប់តន្ត្រីធ្វើសមត្ថភាពចងចាំមានការកើនឡើង។ ស្ដាប់តន្ត្រីដែលអ្នកចូលចិត្តជាប្រចាំ ហើយព្យាយាមចងចាំបទភ្លេង និងអត្ថបទចម្រៀង អ្នកនឹងបានឃើញពីអត្ថប្រយោជន៍របស់តន្ត្រី។
៤. កុំខ្មាសអៀនក្នុងការនិយាយមកកាន់ខ្លួនឯង
ការសិក្សាបានបង្ហាញថា មនុស្សដែលតែងតែនិយាយមកកាន់ខ្លួនឯង គឺប្រឈមនឹងជំងឺវង្វេងវង្វាន់តិចតួចបំផុត។ ការនិទានរឿងប្រាប់ខ្លួនឯង គឺជាវិធីដ៏ល្អបំផុត ដើម្បីពន្យារពេលឆាប់ភ្លេចភ្លាំង និងបង្កើនការចងចាំនូវព័ត៌មានលម្អិតនានា។
៥. អានសៀវភៅខុសៗគ្នា ហើយព្យាយាមចងចាំដំណើររឿង
សៀវភៅ អត្ថបទផ្សេងៗ កាសែត ឬទស្សនាវដ្ដី សុទ្ធតែមានអត្ថប្រយោជន៍ចំពោះការចងចាំ។ អ្នកគួរតែអានអ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នក។ ក្រោយពីអានហើយ ត្រូវព្យាយាមចងចាំ
នូវដំណើររឿងនៃសៀវភៅដែលអ្នកបានអាន វានឹងអាចជួយពង្រឹងសមត្ថភាពចងចាំរបស់អ្នក។
៦. ធ្វើលំហាត់ខួរក្បាលជាប្រចាំ
មានហ្គេម និងលំហាត់ខួរក្បាលជាច្រើន ដែលបង្កើតឡើងយ៉ាងពិសេសសម្រាប់ជំរុញមុខងារខួរក្បាលរបស់អ្នក។ អ្នកមិនចាំបាច់បង្ខំខ្លួនឯងខ្លាំងពេកទេ ធ្វើវាតាមសម្រួលទៅ អ្នកនឹងឃើញថាវាមានប្រសិទ្ធភាពជាក់ជាមិនខាន។
៧. ឧបករណ៍ជំនួយការចងចាំ គួរតែមាននៅក្នុងដៃ
ឧបករណ៍ជំនួយការចងចាំ គឺជាឧបករណ៍ដែលអាចជួយអ្នក ឲ្យនឹកឃើញបានឆាប់រហ័ស។ ឧទាហរណ៍ អ្នកអាចភ្ជាប់រូបភាពជាមួយនឹងឈ្មោះ ឬពាក្យផ្សេងៗដែលអាចជួយអ្នកនឹកឃើញពីនរណាម្នាក់។ ម្យ៉ាងវិញទៀត ពាក្យជួន ចង្វាក់ភ្លេង និងរឿងកំប្លែង គឺជាវិធី៣ផ្សេងទៀត ដែលអាចជួយអ្នកឲ្យចងចាំឈ្មោះ ហេតុការណ៍ តួលេខ ឬព័ត៌មានសំខាន់ផ្សេងៗ។
វិធីទាំង៧យ៉ាងខាងលើនេះ អាចជួយអ្នកឲ្យជៀសផុតពីការឆាប់ភ្លេចភ្លាំង និងពង្រឹងការចងចាំរបស់អ្នកបានយ៉ាងល្អនៅពេលដែលអ្នកឈានទៅរក ភាពចាស់ជរា៕