លោក Sepp Blatter បានបញ្ជាក់ថា មាននូវកិច្ចព្រមព្រៀងគ្នាមួយក្នុងការផ្តល់សិទ្ធិម្ចាស់ផ្ទះ World Cup ឆ្នាំ២០១៨ ទៅឲ្យប្រទេសរុស្ស៊ី នៅមុនពេលការបោះឆ្នោតចាប់ផ្តើមឡើង និងបានស្តីបន្ទោសទៅលើប្រទេសដែលចាញ់គឺ អង់គ្លេស និងសហរដ្ឋអាមេរិកក្នុងការធ្វើឲ្យរឿងអាស្រូវពុករលួយហ៊ុម ព័ទ្ធជុំវិញសហព័ន្ធកីឡាបាល់ទាត់ពអន្តរជាតិហៅកាត់ថា FIFA។
ប្រធាន FIFA មិនកាន់តំណែងរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរបស់ រុស្ស៊ី TASS ថា៖ «កាលពីឆ្នាំ២០១០ យើង (គណៈកម្មាធិការប្រតិបត្តិទាំង២២រូបរបស់ FIFA) បានធ្វើការសម្រេចចិត្តលើ២ករណី យើងបានយល់ព្រមផ្តល់សិទ្ធិទៅឲ្យរុស្ស៊ី (ក្នុងឆ្នាំ២០១៨) បន្ទាប់ក្នុងឆ្នាំ២០២២ យើងនឹងប្រគល់ទៅឲ្យសហរដ្ឋអាមេរិក»។
លោក Blatter បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រសិនបើសហរដ្ឋអាមេរិកបានឈ្នះសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ «អ្វីដែលយើងទាំងអស់គ្នាកំពុងតែពិភាក្សានៅពេលនេះប្រាកដជាភាព អស្ចារ្យនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី ហើយមិនមានបញ្ហាណាមួយនៅ FIFA ឡើយ»។
ការលើកឡើងរបស់លោក Blatter បាននាំឲ្យប្រធានសមាគមកីឡាបាល់ទាត់អង់គ្លេសលោក Greg Dyke និយាយថា លោកនឹងធ្វើការទាមទារម្តងទៀតទៅលើទឹកប្រាក់ប្រមាណជា២១ លានផោន (ស្មើនឹង៣២,២លានដុល្លារអាមេរិក) ដែលត្រូវបានចំណាយទៅលើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០១៨ របស់អង់គ្លេស។
លោក Dyke បានឲ្យដឹងថា ការស៊ើបអង្កេតផ្សេងៗទៅលើការអះអាងនេះ «គឺជាគំនិតដ៏ល្អមួយ» ខណៈដែលវានឹងក្លាយជារឿងដ៏ល្អប្រសើរក្នុងការទទួលបានប្រាក់ ចំណាយលើការបង់ពន្ធត្រឡប់មកវិញ»៕
ប្រភព៖ Channel News Asia , cambosport