កាលណាអ្នកមានការតានតឹងក្នុងចិត្ត អ្នកធ្លាប់ឮហើយពាក្យដែលគេណែនាំថាឱ្យដកដង្ហើមឱ្យវែងៗទៅ វានឹងជួយឱ្យធូរស្រាលបាន។
បើតាមលោក Bill Hartman ដែលជាទីប្រឹក្សាវេជ្ជសាស្ត្រខាងកីឡា កាលណាយើងដកដង្ហើមចូល យើងភ្ញោចប្រព័ន្ធសាំប៉ាសេទិច (sympathetic nervous system) របស់ខួរក្បាលឱ្យដំណើរការឡើង ជាមួយនឹងចង្វាក់បេះដូងនិងសម្ពាធឈាមកើនឡើង។ ហើយកាលណាយើងដកដង្ហើមចេញមកវិញ យើងធ្វើឱ្យប្រព័ន្ធប៉ារ៉ាសាំប៉ាសេទិច (parasympathetic nervous system) ដំណើរការ ជាមួយនឹងចង្វាក់បេះដូងនិងសម្ពាធឈាមថយចុះ។
ដូច្នេះ បើយើងដកដង្ហើមយឺតៗដោយប្រមូលផ្តុំទៅលើការដកដង្ហើមចេញ យើងអាចនឹងកាត់បន្ថយស្ត្រេសបាន។
ម្យ៉ាងទៀត ការដកដង្ហើមវែងៗក៏អាចជួយធ្វើឱ្យយើងស្រាកស្រាន្តពីការតានតឹងបានដែរ ព្រោះវាធ្វើឱ្យយើងប្រមូលផ្តុំអារម្មណ៍មកលើរាងកាយរបស់យើង មិនមែនទៅលើកត្តាស្ត្រេសមកពីក្រៅនោះទេ នេះបើតាមលោកវេជ្ជបណ្ឌិតខាងសួត Christina Vestergaard, M.D. របស់មន្ទីរពេទ្យ Massachusetts General Hospital ។
បន្ថែមពីលើនោះលោកវេជ្ជបណ្ឌិត Andrew Weil, M.D.ដែលជាស្ថាបនិកនៃ the Arizona Center for Integrative Medicine បានស្នើចេញនូវវិធីបំបាត់ស្ត្រេសក្នុងពេលតែ២នាទីមួយ ដែលមានឈ្មោះថា លំហាត់ដង្ហើម “4-7-8” ៖
• បិទមាត់ឱ្យជិត រួចដកដង្ហើមចូល ដោយរាប់ពី១ដល់៤
• រក្សាខ្យល់ទុកក្នុងសួត ដោយរាប់ពី១ដល់៧
• នៅចុងបញ្ចប់ ដកដង្ហើមចេញមកវិញ ដោយរាប់ពី១ដល់៨
អនុវត្តដូចគ្នានេះឱ្យបាន៣ដង ដែលមានរយៈពេលសរុបមិនដល់២នាទីទេ៕
ប្រភព៖ health