លោក Jamie Carragher ដែលជាអតីតខ្សែការពារ ១៧ឆ្នាំរបស់ក្រុម Liverpool និងជាអ្នកជំនាញខាងវិភាគកីឡាម្នាក់បាននិយាយថា ក្រុម Chelsea នឹងកាន់តែចុះខ្សោយ ប្រសិនបើដេញអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ Jose Mourinho នៅពេលនេះ។
ក្រុមតោខៀវ Chelsea កំពុងដុនដាបខ្លាំងក្នុងការចាប់ផ្ដើមពានរង្វាន់លីកកំពូលអង់គ្លេស រដូវកាលនេះ។ ឆ្លងកាត់ ១០ប្រកួតកន្លងទៅ ក្រុមលោក Jose Mourinho ទើបស្គាល់ជ័យជម្នះ ៣ដង ស្មើ២ និងចាញ់ដល់ទៅ ៥ដង ស្ថិតក្នុងលេខរៀងទី១៥ ដែលធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រ និងទាមទារឲ្យមានការបណ្ដេញអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់នេះ ចោលផង។
លោក Jose Mourinho
ផ្ទុយពីការយល់ឃើញរបស់អ្នកគាំទ្រ លោក Jamie Carragher បានបញ្ជាក់ថា ប្រសិនបើ Chelsea បណ្ដេញលោក Jose Mourinho គឺជាកំហុសដ៏ធំមួយ។ លោកបានលើកហេតុផលថា បើ Chelsea ចាញ់ ហើយទម្លាក់កំហុសទៅលើលោក Jose Mourinho តើពួកគេសង្ឃឹមថាសម្រេចអ្វីមកវិញ នៅពេលប្ដូរអ្នកចាត់ការថ្មី។
អតីតខ្សែការពារ ១៧ឆ្នាំនៅក្រុមហង្សក្រហម Liverpool បានបន្តទៀតថា បើទោះបី Chelsea កំពុងធ្លាក់ទម្រង់លេងខ្លាំង ប៉ុន្តែក៏មិនគួរបណ្ដេញអ្នកចាត់ការចោលដែរ ព្រោះលោក Jose Mourinho គឺជាអ្នកចាត់ការល្អបំផុតដែលក្រុម Chelsea មិនធ្លាប់មាន។ ក្រុម Chelsea គួរទុកឱកាសឲ្យលោក Jose Mourinho ស្ដារស្ថានការណ៍ដ៏អាក្រក់នេះឡើងវិញ។
អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះក៏បានលើកឡើងផងដែរថា លោក Jose Mourinho បានចាប់ផ្ដើមការដឹកនាំយ៉ាងល្អដោយជួយឲ្យ Chelsea លើកពានរដូវកាលមុន។ អ្នកចាត់ការរូបនេះអាចនឹងដណ្ដើមបានពានទៀត ប្រសិនបើមានខ្សែប្រយុទ្ធដ៏មុតស្រួចដូចជា Liverpool (Luis Suarez) និង Manchester City (Sergio Aguero) ជាដើម។
គួរបញ្ជាក់ផងដែរថា បរាជ័យក្រោមថ្វីជើងក្រុម West Ham កាលពីចុងសប្ដាហ៍កន្លងទៅ បានធ្វើឲ្យកៅអីគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់កំពុងតែកើនកម្ដៅខ្លាំង ហើយប្រសិនបើចាញ់ក្រុម Liverpool នៅយប់នេះទៀត លោក Jose Mourinho អាចត្រូវប្រឈមមុខនឹងការបណ្ដេញចេញពីតំណែងអ្នកចាត់ការក្រុម Chelsea៕
ប្រភព៖ dailymail , sabay