មនុស្សយើងគ្រប់គ្នាសុទ្ធតែធ្លាប់ជួបអាការៈឈឺខ្នងក្នុងពេលវេលាណាមួយក្នុងជីវិត ហើយវាក៏ជារឿងដែលកើតមានជាញឹកញាប់បំផុតនៅទូទាំងពិភពលោកផងដែរ។ អាការៈបែបនេះអាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ ប៉ុន្តែអ្វីដែលគេជួបច្រើនជាងគេនោះគឺ មនុស្សវ័យកណ្តាលអាយុចាប់ពី ៣៣ ទៅ៥៥ឆ្នាំ។
ខ្នងរបស់យើង គឺជារចនាសម្ព័ន្ធដ៏សាំញ៉ាំមួយដែលផ្សំឡើងដោយឆ្អឹង សរសៃប្រសាទ សន្លាក់ និងសាច់ដុំ។ រាល់សមាសធាតុនីមួយៗទាំងអស់នេះសុទ្ធតែអាចនាំឱ្យខ្នងឈឺបានទាំងអស់ ដែលវាបង្កឡើងដោយសកម្មភាពផ្សេងៗប្រចាំថ្ងៃដូចជា ការលើករបស់ធ្ងន់ៗ រមួលខ្លួន ឬបត់ខ្លួនភ្លាម។ ការឈឺខ្នងក៏អាចកើតឡើងភ្លាមៗដោយគ្មានហេតុផលផ្សេងទៀតដែរ ដូចជាពេលភ្ញាក់ពីគេងជាដើម។
យើងអាចប្រឈមនឹងការឈឺខ្នងកាន់តែច្រើននៅពេលអាយុកាន់តែច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ របៀបរស់នៅបែបស៊ីដេកៗ ធាត់ជ្រុល មានផ្ទៃពោះ បាក់ទឹកចិត្ត ថប់អារម្មណ៍ ជក់បារី និងការហាត់ប្រាណខ្លាំងក្លាក៏អាចនាំឱ្យឈឺខ្នងបានដែរ។ ជាទូទៅ ស្ត្រីប្រឈមនឹងការឈឺខ្នងច្រើនជាងបុរស។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីវិធីសាស្ត្រមួយចំនួនដែលអាចជួយ ដោះស្រាយអាការៈឈឺខ្នងបាន។
កាត់បន្ថយការគេងលើគ្រែ
កាលពីមុនអ្នកធ្លាប់ដឹងរួចមកហើយថា វិធីព្យាបាលការឈឺខ្នងដ៏ល្អបំផុតនោះគឺការសម្រាក និងគេងលើគ្រែឱ្យបានច្រើន។ ទោះបីជាយ៉ាងនេះក្តី សព្វថ្ងៃនេះមានគ្រូពេទ្យកាន់តែច្រើនហើយដែលឱ្យដំបូន្មានទៅអ្នកជំងឺ ពួកគេថា ចូរប្រញាប់ក្រោកពីគេងឱ្យបានលឿនតាមតែអាចធ្វើបាន និងចៀសវាងការគេងច្រើនពេក។ ការស្រាវជ្រាវបានឱ្យដឹងថា ការគេងយូរពេកមិនត្រឹមតែពន្យារពេលនៃការជាសះស្បើយទេ តែក៏ធ្វើឱ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរដែរ។
ការគេងលើសពីបីថ្ងៃជាប់គ្នាអាចបណ្តាលឱ្យសាច់ដុំខូច និងឈឺចាប់កាន់តែច្រើនជាងមុនទៀត។
ហាត់ប្រាណ
ចូររក្សាការធ្វើចលនាជានិច្ច។ អ្នកនឹងមានអារម្មណ៍កាន់តែល្អនៅពេលធ្វើលំហាត់ប្រាណបែបអ៊ែរ៉ូ ប៊ិកដូចជា ការដើរ ហែលទឹក និងជិះកង់ជាដើម ព្រោះវាអាចធ្វើឱ្យខ្នងអ្នកមានចលនាបាន។ វាក៏ជួយថែរក្សារាងកាយកុំឱ្យស្ថិតនៅក្នុងជំហរអង្គុយរហូតដែរ។ ចូរធ្វើចលនាក្នុងកម្រិតមធ្យម និងចៀសវាងការធ្វើសកម្មភាពណាខ្លាំងក្លាដែលនាំឱ្យដាក់សម្ពាធបន្ថែម លើខ្នងទៀត។
ស្អំទឹកកក
ចូរស្អំទឹកកកនៅកន្លែងឈឺចាប់រយៈពេល ២៤ម៉ោង ព្រោះវាអាចជួយកាត់បន្ថយការរលាក និងបំបាត់អាការៈមិនស្រួលបានតាមរយៈការបញ្ឈប់សរសៃប្រសាទកុំឱ្យ បញ្ជូនអារម្មណ៍ឈឺចាប់ទៅខួរក្បាល ទៀត។ ចូរស្អំទឹកកកនៅលើកន្លែងដែលមានរបួសរយៈពេល២០នាទី បន្ទាប់មករង់ចាំ ៣០នាទីសិន មុនពេលស្អំម្តងទៀតរយៈពេល២០នាទីបន្ទាប់។
ងូតទឹកក្តៅ ឬស្អំទឹកក្តៅ
បើសិនជារយៈពេល ២៤ម៉ោងកន្លងទៅក្រោយពីមានរបួសនៅខ្នងនោះ ការស្អំទឹកក្តៅនឹងមានប្រយោជន៍ក្នុងការបំបាត់ការឈឺចាប់។ ការស្អំទឹកក្តៅក៏នឹងជួយពង្រឹកសរសៃឈាមក្នុងសាច់ដុំផង ដែរ។ រឿងនេះនឹងធ្វើឱ្យមានអុកស៊ីសែន និងជីវជាតិហូរទៅចិញ្ចឹមសាច់ដុំកាន់តែច្រើន ដើម្បីជួយព្យាបាលជាលិកាដែលខូចខាត។
មានវិធីសាស្ត្រច្រើនណាស់ក្នុងការស្អំទឹកក្តៅនៅខ្នង។ អ្នកអាចស្អំដោយការប្រើដបទឹក ជែលក្តៅ ប្រដាប់ស្អំទឹកក្តៅអគ្គិសនី ឬកន្សែងក្តៅ។
រយៈពេលនៃការស្អំទឹកក្តៅអាស្រ័យទៅតាមភាពធ្ងន់ធ្ងរនៃការមានរបួស ផងដែរ។ សម្រាប់ការឈឺខ្នងតិចតួច ការស្អំរយៈពេល១៥ ទៅ២០នាទីគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែករណីរបួសធ្ងន់ធ្ងរ ការស្អំរយៈពេលយូរពី ៣០ ទៅមួយម៉ោងអាចនឹងមានប្រយោជន៍ជាង៕
ប្រភព៖ health