លោក Louis van Gaal បានសម្តែងនូវក្តីបារម្ភចំពោះការបន្តភាពបរាជ័យមិនអាចរកគ្រាប់បាល់បាននៅមុខទីគូរប្រកួត របស់ក្រុមបិសាចក្រហម Manchester United ខណៈដែលលោកបានព្រមានថា ពួកគេត្រូវបញ្ចប់ បញ្ហានេះឲ្យបាន ពេលប៉ះជាមួយ CSKA Moscow នៅសប្តាហ៍នេះ។
United បានបរាជ័យ មិនអាចរកគ្រាប់បាល់បាន បីប្រកួតផ្ទួនៗគ្នា ខណៈបន្ត ស្មើជាមួយ Crystal Palace នៅ Selhurst កាលពីចុងសប្តាហ៍មុន។
Van Gaal សារភាពថា ក្រុមលោកស្ថិតក្នុងលំដាប់ល្អលេខពីរ និងបានទទូចថា ពួកគេនឹងត្រលប់មកវិញ ក្នុង Champion League នៅក្នុងទឹកដីខ្លួននៅថ្ងៃអង្គារខាងមុខនេះ។
លោកនិយាយថា «ពិតណាស់ ខ្ញុំមានក្តីបារម្ភចំពោះការខ្វះគ្រាប់បាល់ ប៉ុន្តែបច្ចុប្បន្ន នៅពេលដែលមិនអាចបង្កើតឳកាសបាន ខ្ញុំក៏មិនបន្ទោសរឿងហ្នឹងដែរ»។
ប៉ុន្តែលោកបានបដិសេធថា ទម្រង់លេងបច្ចុប្បន្នកំពុងប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់កីឡាករលោក។ លោកថ្លែងថា «វាអាចផ្លាស់ប្តូរក្នុងប្រកួត និងចាំមើលពួកយើងជាមួយ CSKA សិន ពីព្រោះពួកយើងត្រូវការឈ្នះក្នុងការប្រកួតនេះ បន្ទាប់មក យើងនឹងជជែកគ្នារឿងផ្សេងវិញ»៕
ប្រភព៖ cambosport