អ្នកចាំទី Keylor Navas របស់ក្រុម Real Madrid ជឿជាក់ថា ការផ្តួលក្រុម Paris Saint-Germain នៅរាត្រីថ្ងៃអង្គារនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការលើកពាន Champions League សម្រាប់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប១០សម័យកាលមួយនេះ។
Real Madrid អាចនឹងឈ្នះកៅអីរបស់ពួកគេក្នុងវគ្គ១៦ក្រុមចុងក្រោយ និងបោះជំហានដ៏ធំឆ្ពោះទៅកាន់ការឈរលេខ១ក្នុងពូល ប្រសិនបើពួកគេធ្វើឲ្យក្រុមម្ចាស់ជើងឯករបស់បារាំងមួយនេះ រងបរាជ័យជាលើកទី១នៅរដូវកាលនេះនៅកីឡដ្ឋាន Santiago Bernabeu។
អ្នកចាំទីអន្តរជាតិកូស្តារីការូបនេះបានប្រាប់គេហទំព័ររបស់ Real Madrid ថា៖ «យើងទាំងអស់គ្នាសុទ្ធសឹងចង់ឈ្នះពាន Champions League វាជាគោលបំណងមួយក្នុងចំណោមគោលបំណងជាច្រើនរបស់យើង»។
Navas បានប្រាប់បន្តថា៖ «យើងនឹងព្យាយាមត្រៀមលក្ខណៈឲ្យបានល្អតាមដែលអាចសម្រាប់រាល់ការ ប្រកួតទាំងអស់ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ និងឈ្នះពាននេះ ប៉ុន្តែ យើងត្រូវតែឈានម្តងមួយជំហានម្តងមួយជំហាន ពីព្រោះយើងនៅតែត្រូវតែឆ្លងឲ្យផុតការប្រកួតសំខាន់ៗជាច្រើន ក្នុងវគ្គចែកពូល និងវគ្គចាញ់ធ្លាក់។ យើងនឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ និងឈ្នះពាននោះ»។
Navas បានក្លាយជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Real មកទល់ពេលនេះ តាមរយៈការការពារមិនឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីលើខ្លួនសោះ ចំនួន៩លើកក្នុងចំណោមការបង្ហាញខ្លួន១២លើក។
អតីតអ្នកចាំទីរបស់ក្រុម Levante រូបនេះ បានអវត្តមានក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៣-១ លើក្រុម Las Palmas កាលពីថ្ងៃសៅរ៍ដោយសារតែបញ្ហារបួសសាច់ដុំដ៏តូចមួយ ប៉ុន្តែ ត្រូវបានរំពឹងថា នឹងចូលលេងវិញជាមួយនឹងប្រធានក្រុម Sergio Ramos ដើម្បីជួប PSG។
ប៉ុន្តែ ទោះបីជាយ៉ាងណា Real Madrid នឹងត្រូវលេងដោយគ្មានកីឡាករឆ្នើមៗជាច្រើនដូចជា Gareth Bale, James Rodriguez និង Karim Benzema។ PSG ត្រូវបានគេរិះគន់ទៅលើការបង្ហាញពីទម្រង់លេងមិនល្អរបស់ពួកគេ នៅពេលជួបជាមួយនឹង Real Madrid ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន Parc des Princes កាលពី២សប្តាហ៍មុន។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕
ប្រភព៖ cambosport