ក្រុម Manchester City ដែលកំពុងនាំមុខលើតារាងក្របខ័ណ្ឌអង់គ្លេស Premier League នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ជើងឯក Europa League គឺ Sevilla នៅថ្ងៃអង្គារនេះ ដោយមានបំណងបង្ហាញថា ពួកគេនឹងមិនភ្លាត់ស្នៀតក្នុងក្របខ័ណ្ឌ Champions League ម្តងទៀតនៅរដូវកាលនេះឡើយ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់ខ្សែបម្រើ Kevin de Bruyne បានដណ្តើមជ័យជម្នះ ២-១ សម្រាប់ក្រុម Man City នៅពេលដែលក្រុមទាំងពីរជួបគ្នាកាលពី២សប្តាហ៍កន្លងទៅក្នុង ទីក្រុង Manchester ដើម្បីជួយឲ្យក្រុមរបស់លោក Manuel Pellegrini ស្ថិតក្នុងទីតាំងរួមជាមួយនឹងក្រុម Juventus ក្នុងការឈានទៅវគ្គបន្តពីពូលដ៏លំបាកមួយដែលក៏មានក្រុម Borussia Monchenglabach ផងដែរ។
បើទោះបីចំណាយប្រាក់ជាច្រើនក៏ដោយ ប៉ុន្តែ Man City មិនបានឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ឡើយ តាមរយៈការធ្លាក់ចេញក្រោមស្នាដៃក្រុម Barcelona ក្នុងរយៈពេល២រដូវកាលជាប់ៗគ្នា។
ក្រោយពីការចាប់ផ្តើមយ៉ាងខកចិត្តក្នុងយុទ្ធនាការនេះតាមរយៈ ការចាញ់ ២-១ ក្នុងផ្ទះខ្លួនឯងក្រោមស្នាដៃក្រុម Juventus ក្រុម Man City បានផ្តល់ឲ្យពួកគេនូវឱកាសមួយនៃការឡើងឈរនៅលើកំពូលតារាងជាមួយនឹងការកត់ត្រាជ័យជម្នះ២លើកជាប់ៗគ្នាដើម្បីដេញតាមពីក្រោយ ក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus ត្រឹមតែ១ពិន្ទុ។
ខ្សែបម្រើ Yaya Toure ដឹងយ៉ាងច្បាស់ថា Man City ត្រូវតែចាប់ផ្តើមបង្កើតឲ្យមានឥទ្ធិពលមួយក្នុងក្របខ័ណ្ឌ Champions League ប្រសិនបើពួកគេចង់ឲ្យពួកគេស្ថិតក្នុងចំណោមក្រុមជើងខ្លាំង ប្រចាំទ្វីបអឺរ៉ុប។
កីឡាកររូបនេះបានប្រាប់គេហទំព័ររបស់ក្លិបថា៖ «នៅពេលដែលខ្ញុំបានមកក្លឹបនេះ ខ្ញុំមកដើម្បីលើកពាន។ យើងដឹងថា ក្នុងការក្លាយជាក្លឹបដ៏ធំមួយ យើងត្រូវតែបន្តការឈ្នះពានសំខាន់ៗ និងបង្កើតប្រវត្តិសាស្ត្ររបស់យើងនៅអឺរ៉ុប»។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕
ប្រភព៖ cambosport