ប្រភេទរបស់ចំណីអាហារ និងរបៀបដែលអ្នកបរិភោគអាចបង្កជាការរំខាន់ដល់ការរំលាយអាហារបាន ដែលអាចស្តែងចេញជាបញ្ហាអាហារមិនរលាយ ការហើមពោះ ឬការច្រាលទឹកក្រពះ ជាដើម។ ខាងក្រោមនេះគឺជាកំហុសឆ្គងតូចតាច៣យ៉ាង ដែលអ្នកគួរតែជៀសវាងចេញ។
១- ការបរិភោគប្រូតេអ៊ីនលាយជាមួយនឹងអាមីដុង
ការបរិភោគចំណីអាហារសម្បូរទៅដោយប្រូតេអ៊ីន ដូចជាសាច់ ស៊ុត ឬត្រី លាយជាមួយនឹងចំណីអាហារដែលសម្បូរទៅដោយអាមីដុង ដូចជាដំឡូង បាយ ឬនំធ្វើពីម្សៅផ្សេងៗ ធ្វើឱ្យមានបញ្ហានៅក្នុងការរំលាយអាហារ បង្កឱ្យមានការច្រាលទឹកក្រពះ។ ហេតុអ្វី? ប្រូតេអ៊ីនត្រូវបានរំលាយដោយអាស៊ីតក្លរីឌ្រិក ដែលមាន pH ចន្លោះពី២ទៅ៤។
ចំណែកឯអាមីដុងវិញ អាហារនេះជំរុញឱ្យមានការបញ្ចេញនូវអង់ហ្ស៊ីមមួយឈ្មោះថា ptyaline ដែលទទួលខុសត្រូវនៅក្នុងការរំលាយវាឱ្យក្លាយទៅជាគ្លុយកូស នៅក្នុង pH ចន្លោះពី៧ទៅ៨។ ដូច្នេះ កាលណាអ្នកបរិភោគប្រូតេអ៊ីនដែលត្រូវរំលាយនៅក្នុងpH ទាប ជាមួយនឹងអាមីដុង អាមីដុងនេះវាមិនរលាយទេ វាទៅជាជូរផ្អូម ធ្វើឱ្យទៅជាហើមពោះទៅវិញ។
ដោយហេតុនេះ អ្នកគួរបរិភោគសាច់ជាមួយនឹងបន្លែវិញ ដែលងាយនឹងរំលាយជាង ហើយសម្បូរទៅដោយជាតិរ៉ែ និងវីតាមីនផង។ បើសិនជាចង់ញ៉ាំអាមីដុង អ្នកអាចចាប់ផ្តើមញ៉ាំសាច់សិន រួចសឹមញ៉ាំអាមីដុងបន្តិចបន្តួចបានហើយ។
២- ផឹកទឹកត្រជាក់ក្នុងពេលបរិភោគអាហារ
មនុស្សភាគច្រើនចូលចិត្តផឹកទឹក ឬភេសជ្ជៈផ្សេងៗដែលមានដាក់ទឹកកក នៅក្នុងពេលបរិភោគអាហារ។ ត្រូវដឹងថាទឹកត្រជាក់ធ្វើឱ្យសរសៃឈាមរួមតូច ដែលនឹងធ្វើឱ្យការរំលាយអាហារប្រព្រឹត្តទៅមិនបានល្អទេ។ ម្យ៉ាងទៀតទឹកត្រជាក់ធ្វើឱ្យជាតិខ្លាញ់កក បង្កជាការលំបាកដល់ក្រពះនៅក្នុងការកិនរំលាយវា ដល់យូរៗទៅវានឹងកកច្រើនឡើងៗ ធ្វើឱ្យធាត់បាន។
៣- ផឹកទឹកច្រើនពេកក្នុងពេលបរិភោគអាហារ
ទឹកសំខាន់ណាស់សម្រាប់សុខភាព ក៏ប៉ុន្តែបើផឹកទឹកច្រើនពេកនៅក្នុងពេលបរិភោគអាហារវានឹងធ្វើឱ្យ អាហារមិនរលាយ បង្កទៅជាការហើមពោះបាន។ ព្រោះថា កាលណាអាហារចូលទៅដល់ក្រពះ ក្រពះបញ្ចេញអាស៊ីតក្លរីឌ្រិកដើម្បីរំលាយអាហារនោះ។ បើអ្នកផឹកទឹកច្រើន ទឹកនោះវាទៅបន្សាបអាស៊ីត ហើយអាហារក៏មិនរលាយផងដែរ។
ហេតុនេះ អ្នកមិនត្រូវផឹកទឹកច្រើនពេកទេ នៅក្នុងពេលបរិភោគអាហារ។ ទឹកត្រឹម១កែវអាចមិនជាអ្វីទេ។ អ្នកគួរតែផឹកទឹក១កែវ ១ម៉ោងមុនឬក្រោយបរិភោគអាហារ។
យកល្អ អ្នកគួរអនុវត្តតាមក្បួនជប៉ុន គឺផឹកទឹកក្តៅឧណ្ហៗ (អាចលាយជាមួយក្រូចឆ្មារផង) ឬទឹកតែបៃតង ១កែវមុននឹងចាប់ផ្តើមបរិភោគអាហារ។ ធ្វើបែបនេះ អ្នកអាចជៀសវាងការដែលមានបញ្ហាជាមួយនឹងអាហារមិនរលាយ ហើយមិនហើមពោះបាន៕
ប្រភព៖ health