កំហឹង គឺជាវេទនារម្មណ៍មួយដែលមនុស្សយើងមាន និងត្រូវតែមាន ជៀសមិនរួច។ ក៏ប៉ុន្តែកំហឹងដែលគ្រប់គ្រងមិនបានអាចបង្កផលប៉ះពាល់មិនល្អមកលើ សុខភាព ក៏ដូចជាទៅលើជីវិតរស់នៅក្នុងសង្គមរបស់យើងបាន។
ពេលណាយើងខឹង បេះដូងរបស់យើងដើរញាប់ជាងធម្មតា រាងកាយរបស់យើងឡើងក្តៅ ទៅជាញ័រទទ្រើក សរីរាង្គទាំងអស់ដំណើរការខុសប្រក្រតី។ អ្នកដែលមានជំងឺបេះដូងអាចនឹងទៅជាស្ទះ សន្លប់បាត់ស្មារតីបាន បើខឹងខ្លាំងពេក។
មនុស្សភាគច្រើនបំបាត់កំហឹងរបស់គេដោយការស្រែកខ្លាំងៗ ការបញ្ចេញកម្លាំងកាយវាយដំទៅលើអ្វីមួយ ឬទៅលើអ្នកណាដែលធ្វើឱ្យគេខឹង ជាការសងសឹក ដែលនឹងធ្វើឱ្យបញ្ហាចេះតែកើតមានជាបន្តបន្ទាប់ទៅទៀតឥតដាច់។ បើកាលណាគេមិនខំអត់ មិនខំគ្រប់គ្រងវាទេ កំហឹងនឹងចេះតែរោលរាលខ្លាំងឡើងៗ។
ខាងក្រោមនេះគឺជាវិធីមួយចំនួន ដែលអាចជួយឱ្យយើងគ្រប់គ្រងកំហឹងបាន។
១- ដកដង្ហើមវែងៗ
កាលណាអ្នកខឹង សូមអង្គុយចុះ រួចដកដង្ហើមឱ្យបានវែងៗ មួយសន្ទុះសិនទៅ។
ការដកដង្ហើមវែងៗអាចជួយធ្វើឱ្យសរីរាង្គមានដំណើរការជាធម្មតាបាន។ រាងកាយរបស់យើងនឹងចុះកម្តៅមកវិញ ហើយអារម្មណ៍ឆេវឆាវក៏អាចនឹងស្ងប់ទៅវិញដែរ។
២- ធ្វើសកម្មភាពល្អណាមួយ
បន្ទាប់មក ត្រូវធ្វើសកម្មភាពអ្វីមួយ។ ជាទូទៅ កំហឹងនឹងថយចុះ រលាយបាត់ទៅនៅពេលដែលគេបានបញ្ចេញកម្លាំងកាយធ្វើអ្វីមួយ រហូតដល់ហត់ អស់កម្លាំង។ គឺដោយហេតុនោះហើយបានជាយើងតែងតែឃើញមនុស្សដែលខឹងបញ្ចេញកម្លាំង វាយតប់ ទាត់ធាក់អ្នកដែលធ្វើឱ្យគេខឹង ឬបំផ្លិចបំផ្លាញសម្ភារក្នុងផ្ទះសម្បែងជាដើម។
សូមកុំធ្វើបែបនេះ ហើយបែរទៅបញ្ចេញកម្លាំងកាប់ដីដាំដំណាំ ដងទឹកពីអណ្តូង ពុះឧស ឬធ្វើអ្វីផ្សេងទៀតរបៀបជាការកម្សាន្តជំនួសវិញ ដូចជាលេងភ្លេង គូរគំនូរ។ល។
៣- គិតស្វែងយល់ឱ្យបានច្រើន
ក្រោយពីបានធ្វើសកម្មភាពអស់កម្លាំងហើយ សូមអង្គុយចុះ សម្រាក ហើយចាប់គិតឡើងវិញ អំពីមូលហេតុដែលធ្វើឱ្យអ្នកខឹង។ ហេតុអ្វីបានជាអ្នកដែលធ្វើឱ្យអ្នកខឹងគេធ្វើដូច្នេះដាក់អ្នក? តើអ្នកបានប្រព្រឹត្តអ្វីខុសទេ? ត្រូវដាក់ចិត្តគិតថា បើខ្លួនអ្នកជាអ្នកនោះវិញ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាដែរ (គេនិយាយថា ឱ្យយកជើងយើងស៊កចូលទៅក្នុងស្បែកជើងរបស់អ្នកនោះទៅ)?
ចូរអនុវត្តតាមវិធីទាំង៣យ៉ាងនេះនៅពេលដែលមានកំហឹង នោះយូរៗទៅអ្នកនឹងអាចគ្រប់គ្រងវាបានជាមិនខានឡើយ៕