ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid ត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ក្នុងករណីរំលោភបំពាន មួយទាក់ទិនរូបភាពវីដេអូស៊ិកដែលរួមជាមួយនឹងខ្សែបម្រើ អន្តរជាតិបារាំង Mathieu Valbuena ខណៈដែលកីឡាករទាំងពីរត្រូវបានលុបឈ្មោះចេញពីក្រុមជម្រើសជាតិ។
ប្រភពមួយក្នុងការស៊ើបអង្កេតនេះ បានឲ្យដឹងថា Benzema បានសារភាពថា បានស្នើដល់ Valbuena អំពីរូបភាពវីដេអូស៊ិក «ទៅលើមិត្តភ័ក្តិជាកុមារភាពម្នាក់» ដែលត្រូវបានទាក់ទងដោយអ្នកគំរាមតាមមអ៊ីមែលម្នាក់ដែលមានរូប ភាពវីដេអូស៊ិកនេះ។
ប៉ុន្តែ មេធាវីរបស់ Benzema បាននិយាយថា កីឡាកររូបនេះមិនបានធ្វើអ្វីខុសឡើយ និងបានបញ្ជាក់ «គេមិនដឹងអ្វីទាំងអស់»។ Benzema វ័យ២៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទចូលដៃជើងជាមួយនឹងអ្នកគំរាមតាមអ៊ីមែល និងរួមគំនិតលើសកម្មភាពបែបឧក្រិដ្ឋមួយ។ នេះបើយោងទៅតាមការបញ្ជាក់របស់រដ្ឋអាជ្ញាប្រចាំតំបន់ Versailles ជាយទីក្រុងប៉ារីស។
ការចោទប្រកាន់ទាំងនេះនឹងនាំឲ្យមានការកាត់ទោសឲ្យជាប់គុក យ៉ាងហោចណាស់រយៈពេល៥ឆ្នាំ។ រូបគេក៏ត្រូវបានហាមឃាត់មិនឲ្យជួបជាមួយនឹងកីឡាករ Valbuena វ័យ៣១ឆ្នាំ ផងដែរ ដែលជាខ្សែបម្រើរបស់ក្លិប Lyon ដែលជាកន្លែង Benzema បានចាប់ផ្តើមអាជីពរបស់គេ។
រយៈពេលមួយ ក្រោយពី Benzema ត្រូវបានចោទប្រកាន់ គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិបារាំងលោក Didier Deschamps បាននិយាយថា លោកនឹងលុបឈ្មោះកីឡាករទាំងពីរចេញពីក្រុមរបស់លោកសម្រាប់ការ ប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ និងអង់គ្លេស នៅថ្ងៃទី១៣ និងទី១៧ ខែវិច្ឆិកា ខាងមុខនេះ។
ប៉ុន្តែ លោក Deschamps បានឲ្យដឹងថា Benzema បានរងរបួស ហើយលោកលុបឈ្មោះ Valbuena ចេញពីព្រោះរូបគេមិនទាន់បានត្រៀមចិត្តឲ្យត្រឹមត្រូវ។ គ្រូបង្វឹករូបនេះបានបដិសេធក្នុងការឆ្លើយតបទៅនឹងសំណួរផ្សេងទៀតលើករណីនេះ៕
ប្រភព៖ Channel News Asia , cambosport