​កីឡាការិនី កែ ឡេង បានឈ្នះ​មេដៃ​មាស​ប៉េតង់​ពិភពលោក​ជា​លើក​ទី​២

07-November-2015 | ដោយ មួយឡា

បាងកក​៖ លោក ឌី បូរី​ម៉ា អគ្គលេខាធិការរង សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ថ្លែង ទាំង​កណ្តាល​អា​ធ្រា​ត្រ​ថា កីឡាការិនី​ប៉េតង់ កែ ឡេង ទើប​ទទួល​បានឈ្នះ​មេដាយមាស​ពីរលើក​ជាប់ៗ​គ្នា​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍ Women’s Petanque World Championship បន្ទាប់ពី​បានឈ្នះ​កីឡាការិនី​បារាំង និង​ទុយ​នេ​ស៊ី ក្នុង​លទ្ធផល​៣៣ ទល់នឹង​២៥ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​យប់​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

​លោក ឌី បូរី​ម៉ា បាន​បន្ត​បញ្ជាក់​ប្រាប់ថា ការប្រកួត​កីឡា​ប៉េតង់ ដែល​កម្ពុជា​ទទួលបាន​មេដាយមាស​លើក​នេះ មាន​រយៈពេល​២​ថ្ងៃ​ហើយ គឺ​ចាប់ពី​ថ្ងៃទី​៥-៦ មាន​ចំនួន​៤៣​ប្រទេស​ចូលរួម នៅ​ទីក្រុង​បាងកក ហើយ​នេះ​ជាការ​ទទួលបាន​មេដាយមាស​ពីរលើក​ជាប់ៗ​គ្នា ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​របស់​កីឡាការិនី កែ ឡេង ដោយ​កាលពី​ឆ្នាំ​២០១៣ គាត់​បានឈ្នះ​រួច​ម្តង​ទៅហើយ នា​ការប្រកួត​នៅក្នុង​ទីក្រុង Montauban ប្រទេស​បារាំង​។​

​សូម​ជំរាប​ថា ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា កីឡា​ប៉េតង់​ឈុត​ធំ បានចេញ​ដំណើរ​ទៅ​ប្រកួត និង​ការពារ​តំណែង​ជើងឯក​មេដាយមាស ដែល​កីឡាការិនី កែ ឡេង បានឈ្នះ​នៅ​ប្រទេស​បារាំង កាលពី​ចុងឆ្នាំ​២០១៣ របស់ខ្លួន​នៅ​ថៃ​ហើយ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ ក្រោម​ការដឹកនាំ​ដោយ​លោក ឌី បូរី​ម៉ា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​។​

​សូម​បញ្ជាក់ដែរថា នេះ​ជាការ​ចេញដំណើរ​លើក​ទី​២ ក្រោយពី​ក្រុម​ឈុត​តូច​ទី​១ ដែលមាន​កីឡាករ​-​កីឡាការិនី ចំនូ​ន​៤​រូប បាន​ចាកចេញ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ដូចគ្នា នៃ​ការប្រកួត​លំដាប់ថ្នាក់​ពិភពលោក និង​ការពារ​តំណែង​មេដាយមាស របស់ខ្លួន ប្រចាំឆ្នាំ​២០១៥​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥៕

ចំនួនអ្នកទស្សនា

    20496927

  • ថ្ងៃនេះ4641
  • ម្សិលមិញ12561
  • សប្តាហ៍នេះ32591
  • ខែនេះ54471
  • ឆ្នាំនេះ54471
  • សរុប20496927