Jose Mourinho អ្នកចាត់ការក្រុម Chelsea ពុំបានតវ៉ាជាមួយសហព័ន្ធបាល់ទាត់អង់គ្លេស FA ទេ ពោលគឺលោកព្រមទទួលការពិន័យ១ប្រកួតមិនអាចចូលទីលាន ដែលមានន័យថា រូបលោក នឹងត្រូវអវត្តមានពេលតោខៀវ ប៉ះ Stoke City នៅកីឡដ្ឋាន Britannia Stadium យប់នេះ។
ក្រៅពីពិន័យមិនឲ្យចូលបញ្ជាកូនក្រុម ១ប្រកួត អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ក៏ត្រូវពិន័យជាប្រាក់ចំនួន៤ម៉ឺនផោនផងដែរ រឿងដែលរូបលោក ប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យដាក់អាជ្ញាកណ្ដាលដល់ក្នុងបន្ទប់ផ្លាស់ សំលៀកបំពាក់ កាល Chelsea ប្រកួតចាញ់ West Ham ២-១ ថ្ងៃទី២៤ ខែតុលា។
យ៉ាងណា Mourinho នឹងតាមដានការប្រកួតយប់នេះនៅតាមទូរទស្សន៍ ក្នុងសណ្ឋាគារដែលក្រុមសម្រាក ហើយអ្នកចាត់ការរហស្សនាម “Special One” នឹងប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីទាក់ទងជាមួយនឹងជំនួយការរបស់លោកដែលនៅទីលានផ្ទាល់ និងអាចពិភាក្សាការផ្លាស់ប្ដូរទម្រង់លេងរបស់ក្រុម ទៅតាមស្ថានភាពជាក់ស្ដែង៕
ប្រភព៖ dailymail , sabay