កីឡាករ Emre Can ចង់ដើរតាមដានរបស់ Steven Gerrard នៅ Liverpool ប៉ុន្តែបានអះអាងថាសូម្បីតែ Lionel Messi ក៏មិនអាចជំនួសអតីតប្រធានក្រុមនេះបានឡើយនៅ Anfield ។
Gerrard ចាកចេញពី Liverpool ទៅ LA Galaxy កាលពីចុងរដូវកាលមុន ដោយកីឡាករអាល្លឺម៉ង់នេះអាចនឹងជាកីឡាករមួយរូបដែលនឹងអាចជា កីឡាករជោគជ័យបន្ទាប់ពីវីរបុរសក្លឹបរូបនេះ។ ប៉ុន្តែកីឡាករវ័យ២១ ឆ្នាំនេះមានអារម្មណ៍ថា Gerrard គឺមិនអាចជំនួសបានឡើយដោយសារឥទ្ធិពលរបស់គាត់ទាំងនៅក្នុង និងក្រៅទីលាន។
Can បានប្រាប់ Daily Mail ៖ “ខ្ញុំមិនគិតទេថានរណាម្នាក់អាចជំនួស Gerrard បាន សូម្បីតែ Messi ឬនរណាក៏ដោយ។”
“ ពិតណាស់ ខ្ញុំចង់ដើរតាមផ្លូវរបស់គាត់ ប៉ុន្តែគាត់ពិតជាកីឡាករល្អបំផុតសំរាប់ Liverpool មិនត្រឹមតែក្នុងទីលានទេ ប៉ុន្តែក្រៅផងដែរ។”
Liverpool មិនទាន់ស្គាល់ពាក្យបរាជ័យឡើយក្រោមការដឹកនាំរបស់លោក Jurgen Klopp ហើយ Can សង្ឃឹមគ្រូបង្វឹករូបនេះនឹងអាចដឹកនាំក្រុមទៅលេង Champions League វគ្គជំរុះ។
គាត់បានបន្ថែមថា៖ “Jurgen Klopp មានចិត្តគំនិតនៃការឈ្នះ គាត់ចង់បានពាន។ ហើយរបៀបធ្វើការរបស់យើងគឺជាភាពជឿជាក់។ យើងមានសមត្ថភាពឈ្នះការប្រកួត។”
“ការឈ្នះ Chelsea ពិតជាសំខាន់ណាស់ ព្រោះយើងមិនបានធ្វើវាបែបនេះយូរមកហើយ។”
“យើងចង់លេងនៅ Champions League ជាមួយនឹងការប្រឹងប្រែង ក្តីសង្ឃឹមថាយើងនឹងត្រលប់ទៅលំដាប់កំពូលទាំង៤វិញ យើងមានឱកាសល្អ”៕
ប្រភព៖ goal.com , sportkh