Neymar វិល​ពី​ការជាប់​ពិន័យ​ព្យួរ នៅពេល​ជួប​ជើង​ខ្លាំង​អា​ហ្ស​ង់​ទីន

12-November-2015 | ដោយ មួយឡា

​តារា​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar នឹង​វិល​ពី​ការជាប់​ពិន័យ​ព្យួរ​ដើម្បី​ជួប​ជាមួយនឹង​ក្រុម​ដែល​ញាំញី​ដោយ របួស អា​ហ្ស​ង់​ទីន នៅ​ព្រឹក​ថ្ងៃ​សុក្រ (​ម៉ោង​នៅ​កម្ពុជា​) ខណៈដែល​យុទ្ធនាការ​ជម្រុះ​ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង​សម្រាប់ ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ នឹង​វិល​ត្រឡប់មកវិញ​ជាមួយនឹង​ការប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ រវាង​ជើង​ខ្លាំង​ប្រចាំ​ទ្វីប​ទាំងពីរ​។

Neymar បាន​បង្ខំ​ឲ្យ​អវត្តមាន​ក្នុងការ​ប្រកួត​ជម្រុះ​ពីរលើក​របស់​ក្រុម ជម្រើសជាតិ​ប្រេ​ស៊ី​ល កាលពី​ខែ​មុន ដោយ​លើក​ទី​១ ពួកគេ​ចាញ់​ក្រុម​ជម្រើសជាតិ​ស៊ី​លី ២-០ មុននឹង​កត់ត្រា​ជ័យជម្នះ ៣-១ លើ​ក្រុម​ជម្រើសជាតិ​វ៉េ​ណា​ស៊ុយ​អេ​ឡា ក្រោយពី​ការពិន័យ​ព្យួរ​ចំនួន​៤​ប្រកួត​របស់គេ​ក្នុង​ព្រឹត្តិការណ៍ Copa America កាលពី​ខែមិថុនា​។​

​ប៉ុន្តែ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​រូបនេះ​បច្ចុប្បន្ន នឹងត្រូវ​វិលត្រឡប់​មកវិញ និង​អាច​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ខណៈដែល​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​៥​សម័យកាល​មួយ​នេះ នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Buenos Aires ដើម្បី​ជួប​ជាមួយនឹង​ក្រុម​ជ​ម្រើ​ជាតិ​អា​ហ្ស​ង់​ទីន​ដែលមាន​ត្រឹមតែ​១ ពិន្ទុ​គត់​ពី​ការប្រកួត​ជម្រុះ​ពីរលើក​ដំបូង​របស់​ពួកគេ​។

​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​រង​បរាជ័យ​ដ៏​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល ២-០ ក្នុងផ្ទះ​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អេក្វាទ័រ ក្នុងការ​ប្រកួត​បើកឆាក​របស់​ពួកគេ ហើយ​បន្ទាប់មក ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅពេល​ជួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ប៉ា​រ៉ា​ហ្គា​យ ក្នុង​ទីក្រុង Asuncion​។

​លទ្ធផល​ទាំងនោះ​បានដាក់​សម្ពាធ​ដ៏​ធំ​មួយ​ដល់​លោកគ្រូ​បង្វឹក Gerardo ‘Tata’ Martino របស់​ក្រុម​អា​ហ្ស​ង់​ទីន ខណៈដែល​តំណែង​របស់លោក​កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ ក្រោយពី​ក្រុម​ប្រជុំ​ដោយ​តារា​ឆ្នើមៗ​របស់លោក​មិនអាច​ឈ្នះ​ពាន Copa America​។

​ការត្រៀម​លក្ខណៈ​របស់​លោក Martino សម្រាប់​ការប្រកួត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​កីឡដ្ឋាន Estadio Monumental បាន​ស្ថិតក្នុង​ភាព​ជ្រួលច្របល់​ដោយសារតែ​វិបត្តិ​របួស​កីឡាករ ដែល​បានធ្វើ​ឲ្យ​រូបគេ​ខ្វះ​ជម្រើស​ក្នុង​តំបន់​ប្រយុទ្ធ ក្នុងនោះ​រាប់បញ្ចូល​ទាំង Lionel Messi ផងដែរ​។ ការប្រកួត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៧​ព្រឹក​៕

​ប្រភព​៖ cambosport

ចំនួនអ្នកទស្សនា

    20496377

  • ថ្ងៃនេះ4091
  • ម្សិលមិញ12561
  • សប្តាហ៍នេះ32041
  • ខែនេះ53921
  • ឆ្នាំនេះ53921
  • សរុប20496377