ស៊ុត គឺជាអាហារមួយសាមញ្ញតែមានគុណភាពល្អ ដែលមនុស្សទូទាំងពិភពលោកចូលចិត្ត។
ចំពោះខ្មែរយើង គ្រួសារនីមួយៗតែងតែមានស៊ុត ជាអាទិ៍គឺពងទា ទុកជាប្រចាំនៅក្នុងជើងក្រាន បង្ការបើប្រញ៉ាប់រកអ្វីធ្វើម្ហូបមិនទាន់ គេមានពងទានេះឯងស្ងោរ ឬចៀនសម្រាប់ធ្វើជាម្ហូបញ៉ាំជាមួយបាយ។ ម្យ៉ាងទៀត នៅពេលធ្វើដំណើរទៅឆ្ងាយ បើគ្មានអ្វីផ្សេងទៀតជាអាហារទេគេអាចទិញពងទាស្ងោរដែលមានលក់ នៅតាមចំណតរថយន្តញ៉ាំបាន។
ស៊ុតមានសារជាតិចិញ្ចឹមជាច្រើន តាំងពីវីតាមីន A, D និងB12 ជាតិរ៉ែមានហ្វូស្វ័រនិងសេលេនីញ៉ូម ហើយនិងប្រូតេអ៊ីនពេញលេញ (គឺអាស៊ីតអាមីណេសំខាន់ចំពោះរាងកាយទាំងអស់៩មុខ)។ គេអាចញ៉ាំស៊ុតជំនួសសាច់បាន។
បញ្ហាមួយដែលគេទទួលស្គាល់គ្រប់គ្នា គឺថាស៊ុតធ្វើឱ្យអត្រាកូលេស្តេរ៉ុលក្នុងឈាមកើនឡើង។
ដូច្នេះ តើគេអាចញ៉ាំស៊ុតបានប៉ុន្មាន ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព?
បើតាមលោកវេជ្ជបណ្ឌិត Francisco Lopez-Jimenez, M.D. ចំនួនស៊ុតដែលគេអាចញ៉ាំបានអាស្រ័យទៅតាមស្ថានភាពសុខភាពរបស់យើងម្នាក់ៗ។ ស៊ុតមធ្យមមួយគ្រាប់មានកូលេស្តេរ៉ុលចំនួន១៨៦ក្រាម ដែលទៅប្រមូលផ្តុំគ្នាទាំងអស់នៅក្នុងសាច់លឿងរបស់ស៊ុត។
• បើយើងមានសុខភាពល្អ យើងអាចញ៉ាំកូលេស្តេរ៉ុលរហូតដល់ទៅ៣០០ក្រាមក្នុង១ថ្ងៃបាន
• តែបើយើងមានអត្រាកូលេស្តេរ៉ុលក្នុងឈាមខ្ពស់ទៅហើយ ដូចជាកើតជំងឺទឹកនោមផ្អែម មានសម្ពាធឈាមខ្ពស់ ឬជំងឺបេះដូង គេឱ្យញ៉ាំកូលេស្តេរ៉ុលត្រឹមតែ២០០ក្រាមទេ ក្នុង១ថ្ងៃ។
• គេក៏ត្រូវគិតគូរដល់របៀបចម្អិន(ចៀន ឆា ឬស្ងោរ) និងគ្រឿងគ្រៅដែលដាក់បន្ថែមផងដែរ (អំបិល ស្ករ។ល។) ដែលអាចធ្វើឱ្យកូលេស្តេរ៉ុលកើនឡើងថែមទៀត។
សរុបសេចក្តីមក គេអាចញ៉ាំស៊ុត១គ្រាប់រាល់ថ្ងៃបានបើសិនជាគេមានសុខភាពល្អធម្មតា ។ ក៏ប៉ុន្តែបើគេមានបញ្ហាកូលេស្តេរ៉ុលក្នុងឈាមរួចទៅហើយ គេអាចញ៉ាំស៊ុតត្រឹមតែ៣ទៅ៤គ្រាប់តែប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ៗ។
ប្រភព៖ health