បារាំង និង​អង់គ្លេស សាមគ្គី​គ្នា​លេង​ការប្រកួត​មិត្តភាព​បែប​កាន់ទុក្ខ

17-November-2015 | ដោយ មួយឡា

​ការប្រកួតប្រជែង​ផ្នែក​កីឡាបាល់ទាត់​ក្នុង​រយៈពេល​៩២​ឆ្នាំ របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស និង​បារាំង នឹង​ឈានចូល​ទំព័រ​កើតទុក្ខ​បំផុត​នៅ​កីឡដ្ឋាន Wembley នា​រាត្រី​ថ្ងៃ​អង្គារ​នេះ នៅពេលដែល​ក្រុម​ទាំងពីរ​រួម​សាមគ្គី​គ្នា ពោលគឺ​ក្នុង​រយៈពេល​៤​ថ្ងៃ ក្រោយពី​ការវាយប្រហារ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​។

​ការវាយប្រហារ​កាលពី​ថ្ងៃ​សុក្រ​បាន​ដិតដាម​ក្នុង​កីឡាបាល់ទាត់​យ៉ាង​ពិសេស ខណៈដែល​គ្រាប់បែក​អត្តឃាត​ចំនួន​៣​ត្រូវបាន​បំផ្ទុះ​ឡើង​នៅ​ខាងក្រៅ កីឡដ្ឋាន Stade de France ខណៈដែល​ក្រុម​ជម្រើសជាតិ​បារាំង លេង​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​។

​បងប្អូន​ជី​ជូន​មួយ​របស់​ខ្សែបម្រើ​អន្តរជាតិ​បារាំង Lassana Diarra បាន​ក្លាយជា​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ទាំង​១២៩​នាក់ ដែល​ត្រូវបាន​សម្លាប់ ខណៈដែល​ប្អូនស្រី​របស់​មិត្ត​រួម​ជាតិ​របស់គេ Antoine Griezmann បានគេច​ផុតពី​ការវាយប្រហារ​នេះ​ទៅលើ​សាលតន្ត្រី Bataclan​។​

​ប៉ុន្តែ សហព័ន្ធ​កីឡាបាល់ទាត់​បារាំង (FFF) បាន​បញ្ជាក់ថា ការប្រកួត​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ គួរតែ​ដំណើរការ​ទៅតាម​ការគ្រោងទុក ហើយ​បច្ចុប្បន្ន ការប្រកួត​នេះ​កំពុង​ត្រូវបាន​ចាត់ទុកថា ជា​ឱកាស​មួយ​ក្នុងការ​បង្រួម​បង្រួម​គ្នា ខណៈដែល​យុទ្ធនាការ​របស់​បណ្តាញ​សង្គម​មួយ​ជំរុញ​ឲ្យ​អ្នកគាំទ្រ របស់​អង់គ្លេស​ចូលរួម​ច្រៀង​ចម្រៀង​ជាតិ​របស់​បារាំង នៅ​មុនពេល​ចាប់ផ្តើម​ប្រកួត​។

​លោក Roy Hodgson អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស បាន​ឲ្យ​ដឹងថា​៖ «​ការប្រកួត​នេះ​នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​មួយ ប៉ុន្តែ វា​នឹង​បង្ហាញថា ពិភព​កីឡាបាល់ទាត់​គឺ​មានការ​រួបរួមគ្នា​ក្នុងការ​ប្រឆាំង​ជាមួយ នឹង​អំពើ​ដ៏​ឃោ​ឃៅ​ទាំងនេះ​។

​ខ្ញុំ​ជឿជាក់ថា ក្រុម​អង់គ្លេស និង​អ្នកគាំទ្រ​របស់​យើង នឹង​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយនឹង​មិត្តភក្តិ​បារាំង​របស់​យើង​នៅ ល្ងាច​ថ្ងៃ​អង្គារ និង​ផ្តល់​ការគាំទ្រ​ដល់​ក្រុម​ទាំងពីរ​អំឡុងពេល​ដ៏​លំបាក​នេះ​»​។ ការប្រកួត​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៣​ទៀបភ្លឺ (​ម៉ោង​នៅ​កម្ពុជា​)៕

​ប្រភព​៖ Channel News Asia , cambosport

ចំនួនអ្នកទស្សនា

    20499787

  • ថ្ងៃនេះ7501
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35451
  • ខែនេះ57331
  • ឆ្នាំនេះ57331
  • សរុប20499787