តាមដានលទ្ធផលកម្ពុជា-ជប៉ុន នៅយប់នេះទាំងអស់គ្នា ជាមួយប្រវត្តិធ្លាប់ស្មើគ្នាពីមុនមក

17-November-2015 | ដោយ មួយឡា

ទោះជាសព្វថ្ងៃ​​បាល់ទាត់​ជប៉ុន​ មានការ​រីក​ចម្រើន​ខ្លាំង​បើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីបអាស៊ី​ ប៉ុន្ដែ​ប្រទេស​នេះ​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​គ្នា​ជាមួយ​ក្រុម​ ជម្រើសជាតិ​កម្ពុជា​ ៥​ ដង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ទាំង​២​ បើ​គិត​តាំងពី​ឆ្នាំ​ ១៩៦៤​ មក​ ខណៈ​នៅ​យប់​ថ្ងៃនេះ​ កម្ពុជា​ នឹង​បើកទ្វា​ពហុ​កីឡដ្ឋាន​ជាតិ​របស់​ខ្លួន​ ក្នុង​រាជធានី​ភ្នំពេញ​ ទទួល​ក្រុម​ជម្រើសជាតិ​ជប៉ុន​។​

​បើ​ងាក​ទៅ​មើល​ប្រវត្តិ​ប្រកួត​គ្នា​ ៥​ លើក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ទាំង​២​មាន​៖

លើក​ទី​១៖​ នៅ​ថ្ងៃ​ទី​០៧​ ខែ​ កញ្ញា​ ឆ្នាំ​១៩៦៤​ ក្នុង​ពានរង្វាន់​ Merdeka​ Tournament​ Cup​ (​ពានរង្វាន់​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ម៉ា​ឡេ​ស៊ី​)​ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ Ipoh​ ប្រទេស​ម៉ា​ឡេ​ស៊ី​  កម្ពុជា​ បាន​ចាញ់​ជប៉ុន​ ៤​ ទល់​ ០​។​

​កម្ពុជា​ ស្ថិត​ក្នុង​ពូ​ល​ A​ ជាមួយ​ក្រុម​ជម្រើសជាតិ​ ឥណ្ឌា​,​ កូរ៉េ​ខាងត្បូង​,​ ជប៉ុន​ និង​ថៃ​។​ លទ្ធផល​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​កាលនោះ​ កម្ពុជា​ ស្មើ​កូរ៉េ​ខាងត្បូង​ ២​ ទល់​ ២​ ចាញ់​ ឥណ្ឌា​ ៤​ ទល់​ ១​ បន្ត​ចាញ់​ ថៃ​ ១​ ទល់​ ០​ និង​ចាញ់​ជប៉ុន​ ៤​ ទល់​ ០​។​ កម្ពុជា​ ស្ថិត​នៅ​បាត​តារាង​ពូ​ល​ A​ មាន​ ១​ ពិន្ទុ​ ស្រប​ពេល​ ឥណ្ឌា​ និង​ កូរ៉េ​ខាងត្បូង​ ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

លើក​ទី​២៖​ ចូល​មក​ដល់​ឆ្នាំ​១៩៧០​  ពោល​គឺ​នៅ​ថ្ងៃ​ទី​ ១២​ ខែ​ ធ្នូ​  ក្រុម​ជប៉ុន​ បាន​យកឈ្នះ​ក្រុម​កម្ពុជា​ ម្តងទៀត​ក្នុង​ពានរង្វាន់​ 1970​ Asian​ Games​ដោយ​លទ្ធផល​ ១​ ទល់​ ០​ នៅ​ទីក្រុង​បាងកក​។​ កម្ពុជា​ នៅ​ក្នុង​ពូ​ល​ B​ ជាមួយ​ក្រុម​ជប៉ុន​ មី​យ៉ា​ន់​ម៉ា​ (​ភូមា​)​ និង​ម៉ា​ឡេ​ស៊ី​។​ ជា​លទ្ធផល​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ កម្ពុជា​ បាន​ចាញ់​មី​យ៉ា​ន់​ម៉ា​ ២​ ទល់​ ១​ ហើយ​ចាញ់​ជប៉ុន​ ១​ ទល់​ ០​ និង​ឈ្នះ​ម៉ា​ឡេ​ស៊ី​ ២​ ទល់​ ០​។​

លើក​ទី​៣៖​ នៅ​ថ្ងៃ​ទី​ ១២​ ខែ​ កក្កដា​ ឆ្នាំ​ ១៩៧២​ កម្ពុជា​ បាន​ចាញ់​ជប៉ុន​ ៤​ ទល់​ ១​ ក្នុង​ពានរង្វាន់​  Merdeka​ Tournament​ Cup​ សា​ជា​ថ្មី​។​ នៅ​ឆ្នាំ​ ១៩៧២​ នោះ​ដែរ​កម្ពុជា​ ស្ថិត​ក្នុង​ពូ​ល​ A​ ជាមួយ​ក្រុម​ជ​ប៉ន​ ហ្វី​លី​ពី​ន​ មី​យ៉ា​ន់​ម៉ា​ (B)​ ស្រី​លង្កា​ និង​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី​។​ ជា​លទ្ធផល​កម្ពុជា​ ឈរ​ចំណាត់ថ្នាក់​លេខ​ ៣​ ក្នុង​ពូ​ល​ បន្ទាប់​ពី​ប្រកួត​ ចាញ់​ជប៉ុន​ ៤​ ទល់​ ១​ តែ​ឈ្នះ​មី​យ៉ា​ន់​ម៉ា​ (B)​ ស្មើ​ជាមួយ​ហ្វី​លី​ពី​ន​ ២​ ទល់​ ២​  ចាញ់​ម៉ា​ឡេ​ស៊ី​ ៦​ ទល់​ ១​ តែ​ឈ្នះ​ស្រី​លង្កា​ ៦​ ទល់​ ១​ វិញ​ មាន​៥​ ពិន្ទុ​។​

លើក​ទី​៤៖​ ថ្ងៃ​ទី​ ១៥​ ខែ​ ឧសភា​ ឆ្នាំ​ ១៩៧៤​ កម្ពុជា​ ជួប​ជប៉ុន​ ម្ដងទៀត​ តែ​ក្នុង​ពានរង្វាន់​ 1974​ President’s​ Cup​ ម្ដង​ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​សេ​អ៊ូ​ល​ ប្រទេស​កូរ៉េ​ខាងត្បូង​ ហើយ​កាលនោះ​កម្ពុជា​ បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ជប៉ុន​ ១​ ទល់​ ១​។​

​កម្ពុជា​ ស្ថិត​ក្នុង​ពូ​ល​ A​ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​កូរ៉េ​ខាងត្បូង​ ជប៉ុន​ (B)​ និង​ម៉ា​ឡេ​ស៊ី​ B​។​ លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ កម្ពុជា​ បាន​ស្មើគ្នា​ជាមួយ​ក្រុម​ ម៉ា​ឡេ​ស៊ី​ B​ តែ​ឈ្នះ​ម្ចាស់ផ្ទះ​កូរ៉េ​ខាងត្បូង​ ១​ ទល់​ ០​ និង​ស្មើ​ជាមួយ​ជប៉ុន​ B​។​ កម្ពុជា​ ជាប់​ចំណាត់ថ្នាក់​លេខ​ ២​ ក្នុង​ពូ​ល​ ដែល​មាន​ ៤​ ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ​១​ កូរ៉េ​ខាងត្បូង​ តែ​ខុស​គ្រាប់​បាល់​ចំណេញ​។​

​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ កម្ពុជា​ចាញ់​ក្រុម​  PSMS​ Medan​ (​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី​)​ ដោយ​បាល់​ប៉េ​ណាំង​ទី​ កាត់សេចក្ដី​ ៣​ ទល់​ ២​ បន្ទាប់​ពី​ប្រកួត​នៅ​ម៉ោង​ប្រកួត​ ៩០​ នាទី​ ស្មើគ្នា​ ០​ ទល់​ ០​។​ បរាជ័យ​ នៅ​វគ្គ​ពាកកណ្ដាល​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ បន្ត​ចាញ់​នៅ​វគ្គ​ចំណាត់ថ្នាក់​លេខ​ ៣​ ថែម​ទៀត​ក្រោម​ថ្វី​ជើង​ មី​យ៉ា​ន់​ម៉ា​ ដោយ​លទ្ធផល​ ៦​ ទល់​ ០​។​

លើក​ទី​ ៥៖​ នៅ​ថ្ងៃ​ទី​ ៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥​ ថ្មី​នេះ​ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ 2018​ FIFA​ World​ Cup​ Russia​ នៅ​ពូ​ល​ E​ ជុំ​ទី​២​ ជើង​ទី​១​ ប្រចាំ​ទ្វីបអាស៊ី​ ជប៉ុន​ បាន​ទទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​កម្ពុជា​ នៅ​ក្នុង​កីឡដ្ឋាន​ Saitama​ 2002​ ក្រោម​ក្រសែភ្នែក​ទស្ស​និក​ជក​ប្រមាណ​ជា​ ៥៤,៧១៦​ នាក់​។​  លទ្ធផល​ ជប៉ុន​ ឈ្នះ​កម្ពុជា​ ៣​ ទល់​ ០​ ដែល​ធ្វើ​បាន​ដោយ​កីឡាករ​ប្រកប​អាជីព​នៅ​លី​ក​កំពូល​របស់​អឺរ៉ុប​ទាំងអស់​គឺ ​ Kaisuke​ Honda​  លេង​នៅ​ក្លិប​ AC​ Milan​ របស់​អ៊ី​តា​លី​ កីឡាករ​ Shinji​ Kagawa​ លេង​នៅ​ក្លិប​ Borrusia​ Doutman​ របស់​អា​ល្លឺ​ម៉​ង់​ និង​កីឡាករ​ Maya​ Yoshida​ លេង​នៅ​ក្លិប​ Southampton​ របស់​អង់គ្លេស​។​

​គួរ​បញ្ចា​ក់ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​២០១៥​ នេះ​ វេលា​ម៉ោង​ ៧:១៤​ នាទី​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ នឹង​ត្រូវ​យក​ទីលាន​វាលស្មៅ​សប្ប​និមិត្ត​ ពហុ​កីឡដ្ឋាន​ជាតិ​ ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ ជប៉ុន​ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ 2018​ FIFA​ World​ Cup​ Russia​ នៅ​ពូ​ល​ E​ ជុំ​ទី​២​ ជើង​ទី​២​ ប្រចាំ​ទ្វីបអាស៊ី​។​

​រាប់​មើល​ប្រវត្តិ​ ៥​ លើក​ចុង​ក្រោយ​ កម្ពុជា​ មិន​ធ្លាប់​របូត​គ្រាប់​បាល់​លើស​ពី​ ៤​ គ្រាប់​ឡើយ​ ពេល​ជួប​ក្រុម​ជម្រើសជាតិ​ជប៉ុន​។​ ចុះ​នៅ​ល្ងាច​នេះ​តើ​ កម្ពុជា​ អាច​ធ្វើ​បាន​ល្អ​ដល់​កម្រិត​ណា​?

ប្រភព​៖​ Wearefootball.com.kh​ , sportkh

 

ចំនួនអ្នកទស្សនា

    20499557

  • ថ្ងៃនេះ7271
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35221
  • ខែនេះ57101
  • ឆ្នាំនេះ57101
  • សរុប20499557