មានការច្របូកច្របល់មួយទៀតហើយជាមួយនឹងកាហ្វេ ដែលកន្លងមកមានការទទួលស្គាល់ថាមិនល្អចំពោះសុខភាពទេ ស្រាប់តែឥឡូវនេះមានការអះអាចថា វាមិនគ្រាន់តែល្អចំពោះសុខភាពតែប៉ុណ្ណោះទេ ប៉ុន្តែអាចធ្វើឱ្យរស់នៅមានអាយុវែងថែមទៀតផង។
ពួកអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard បានធ្វើការសិក្សាលើមនុស្សមិនជក់បារីជាង២០ម៉ឺននាក់អស់ពេល២៨ ឆ្នាំ ហើយបានរកឃើញថា អ្នកដែលផឹកកាហ្វេពី៣ទៅ៥ពែងក្នុង១ថ្ងៃ ទោះជាកាហ្វេដែលមានឬក៏គ្មានជាតិកាហ្វេអ៊ីនយ៉ាងណាក្តី មានអត្រាស្លាប់ដោយជំងឺ១៥%តិចជាងអ្នកដែលមិនផឹកកាហ្វេសោះ។
លោកវេជ្ជបណ្ឌិត Frank Hu, M.D., Ph.D., M.P.H. អ្នកដឹកនាំការសិក្សាបាននិយាយថា នេះគឺមកពីកាហ្វេសម្បូរទៅដោយអាស៊ីតមួយឈ្មោះថា chlorogenic acid។ អាស៊ីតមួយនេះក៏ជួយឱ្យអ្នកផឹកមាន អត្រាស្លាប់ដោយជំងឺបេះដូងថយចុះ១៩% និងអត្រាស្លាប់ដោយជំងឺទឹកនោមផ្អែមថយចុះបាន២៤% ផងដែរ។ វាមានការរលាកច្រើននៅក្នុងជំងឺទាំង២នេះ ហើយ chlorogenic acid អាចជួយកាត់បន្ថយបាន។
ពួកអ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថា អ្នកដែលផឹកកាហ្វេពី៣ទៅ៥ពែងក្នុង១ថ្ងៃ មានអត្រាស្លាប់ដោយជំងឺចុះខ្សោយសរសៃប្រសាទ ដូចជាជំងឺ Parkinson ជាដើម ដល់ទៅ៣៧%តិចជាងអ្នកដែលមិនផឹកកាហ្វេសោះ។ លោកវេជ្ជបណ្ឌិត Hu. ពន្យល់ថា គឺដោយសារកាហ្វេភ្ញោចឱ្យមានការបង្កើតឡើងនូវ dopamine ដែលមានការខ្វះខាតជាខ្លាំងនៅក្នុងជំងឺនេះ។ មិនតែប៉ុណ្ណោះ កាហ្វេក៏ជួយជំរុញឱ្យមានការបញ្ចេញនូវ neurotransmitters នៅក្នុងខួរក្បាលផងដែរ ដែលនឹងជួយឱ្យកាត់បន្ថយកត្តាធ្វើឱ្យមានការធ្លាក់ទឹកចិត្ត។
លោកវេជ្ជបណ្ឌិតបាននិយាយបន្ថែមទៀតថា មិនមានខ្នាតថាមនុស្សម្នាក់ត្រូវផឹកកាហ្វេប៉ុន្មាននោះទេ។ ៣ទៅ៥ពែងអាចជាការល្អ ក៏ប៉ុន្តបរិមាណតិចជាងនេះក៏ល្អដែរ៕
ប្រភព៖ health