ហេតុអ្វី​បានជា​សាច់​ពណ៌​ក្រហម ជា​ប្រភព​នៃ​ជំងឺមហារីក​?

20-November-2015 | ដោយ មួយឡា

អង្គការ​សុខភាព​ពិភពលោក និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺមហារីក​អន្តរជាតិ (Centre International de Recherche sur le Cancer - CIRC) បានចាត់ទុក​សាច់​ពណ៌​ក្រហម​ថា​ជា​ប្រភព​មួយ​នៃ​ជំងឺមហារីក​។​

​ហេតុអ្វី​បានជា​សាច់​ពណ៌​ក្រហម​ធ្វើឱ្យ​កើត​ជំងឺមហារីក​?
​ពួក​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សង់​ឌី​យ៉ឺ​ហ្គោ នៅ​កាលីហ្វ័រ​នី បាន​រកឃើញថា មានតែ​មនុស្ស​ទេ​ដែល​កើត​ជំងឺមហារីក​កាលណា​គេ​ញ៉ាំ​សាច់​ក្រហម​ច្រើន​ខ្លាំងពេក ចំពោះ​ពពួកសត្វ​ដែល​ស៊ីសាច់​ឆៅ​មិនកើត​ជំងឺ​នេះ​ទេ​។

​គេ​និយាយថា សាច់​ពណ៌​ក្រហម​មាន​ជាតិ​ស្ករ​មួយ គឺ acide N-glycolylneuraminique – Neu5Gc ដែលជា​អ្នកទទួលខុសត្រូវ​នៅក្នុង​ការបង្កើត​ជំងឺមហារីក​។ តាមពិតទៅ Neu5Gc នេះ​ក៏មាន​នៅក្នុង​ចំណីអាហារ​ផ្សេងទៀត​ដែរ ដូចជា​ផ្លែឈើ បន្លែ ត្រី ស៊ុត តែមាន​តិចតួច​ទេ​។

​ហើយ​បើតាម​លោក Ajit Varki ដែលជា​អ្នកដឹកនាំ​ការស្រាវជ្រាវ Neu5Gc នេះ​មិន​ទទួលខុសត្រូវ​តែម្នាក់ឯង​នៅក្នុង​ការបង្កើត​ជំងឺមហារីក​នោះទេ​។ ក៏ប៉ុន្តែ​កាលណា​វា​មាន​ច្រើនពេក​នៅក្នុង​រាងកាយ វា​នឹងធ្វើ​ឱ្យមាន​ការ​រលាក​ស្រួចស្រាវ ធ្វើឱ្យ​សារពាង្គកាយ​បញ្ចេញ​អង់ទីគ័រ​ប្រឆាំង​ឡើង ដែលជា​ហេតុ​អាចធ្វើ​ឱ្យមាន​ការកកើត​សាច់​ពក (tumeur) ច្រើន ទៅជា​មហារីក​ទៅ​។​

​ដោយហេតុនេះ អ្នក​ដែល​ញ៉ាំ​សាច់​ពណ៌​ក្រហម​ជាប្រចាំ ដែល​ធ្វើឱ្យមាន Neu5Gc កក​ច្រើន​ក្នុង​រាងកាយ ងាយ​នឹង​កើត​ជំងឺមហារីក​ណាស់​។​

​បើទោះជា​យ៉ាងណាក្តី អង្គការ​សុខភាព​ពិភពលោក​មិនបាន​ហាមឃាត់​មិនឱ្យ​ញ៉ាំ​សាច់​ពណ៌​ក្រហម​នោះទេ ក៏ប៉ុន្តែ​ត្រូវ​ញ៉ាំ​ក្នុង​បរិមាណ​សមស្រប និង​កុំឱ្យ​ញឹកញាប់​ពេក​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20505077

  • ថ្ងៃនេះ12791
  • ម្សិលមិញ12561
  • សប្តាហ៍នេះ40741
  • ខែនេះ62621
  • ឆ្នាំនេះ62621
  • សរុប20505077