ជំងឺ៧ មុខ ដែលមនុស្ស​ស្រីងាយ​នឹង​កើតជាង​មនុស្ស​ប្រុស

30-November-2015 | ដោយ មួយឡា

ពេលខ្លះ​មនុស្ស​ស្រី​ជាច្រើន​គិតថា ធម្មជាតិ មិន​យុត្តិធម៌ ចំពោះ​រូបគេ​ឡើយ​។ មនុស្ស​ស្រី ងាយ​នឹង​កើត​ជំងឺ ៧ មុខ ច្រើនជាង​មនុស្ស​ប្រុស ដូចជា ជំងឺ​ចាស់​វង្វេង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។​ល​។​
​ដូច​អ្នកដឹង​ហើយ​ថា ក៏មាន​ជំងឺ​ជាច្រើន​ទៀត ដែល​ឧស្សាហ៍​កើត​លើ​មនុស្ស​ស្រី ជាង​មនុស្ស​ប្រុស​ដែរ ដូចជា ជំងឺមហារីក​សុដន់ និង​ជំងឺ​ពុក​ឆ្អឹង​ជាដើម​។​

​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
​អ្នក​ប្រហែលជា​ឧស្សាហ៍​ឃើញ ស្ត្រី​វ័យ​ចំណាស់ៗ ដែលមាន​ស្នាម​វះ​នៅត្រង់​ក នោះ​ហើយ​គឺជា​ការវះកាត់​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​។ យោងទៅតាម​សមាគមន៍ ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​អា​មេ​រិច (American Thyroid Association) បាន​ឲ្យ​ដឹងថា ស្ត្រី​ប្រមាណ​ជា ១២ ឬ ១៣ ភាគរយ នឹង​ទទួលរង​ផលប៉ះពាល់ នៃ​ជំងឺ​នេះ នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន ហើយ​ស្ត្រី​មានឱកាស​កើត​ជំងឺ​នេះ ៧ ដង​លើស​បុរសៗ​។

​ជំងឺលើសឈាម​
"​ជំងឺ​បេះដូង គឺជា​ឃាតករ​នាំមុខគេ ចំពោះ​មនុស្ស​ស្រី​" នេះ​បើតាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Goldberg​។ ហើយ​ស្ត្រី​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់ បានដឹង​ខ្លួនឯង​ថា រូបគេ​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​មួយ​នេះ​។ ស្ត្រី​ជនជាតិ​អា​មេ​រិច ៤ ក្នុងចំណោម ៥ នាក់ កំពុង​លើសឈាម ហើយ​មនុស្ស​ប្រុស​វិញ​គឺ ២ ក្នុងចំណោម ៣ ប៉ុណ្ណោះ​។

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
​ក្រោម​អាយុ ៧៥ ឆ្នាំ មនុស្ស​ប្រុស កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ច្រើនជាង​មនុស្ស​ស្រី ប៉ុន្តែ ចាប់ពី​អាយុ ៧៥ ទៅ ៨៥ វិញ គឺ​មនុស្ស​ស្រី​ច្រើនជាង​ហើយ​។ បន្ទាប់មក ចាប់ពី​អាយុ ៨៥ ឆ្នាំ​ឡើងទៅ ស្ត្រី​កើត​ជំងឺ​នេះ ច្រើនជាង​បុរស​ឆ្ងាយ​ណាស់ រហូត​ក្លាយជា​ឃាតករ​លំដាប់ថ្នាក់​ទី ៤ នៃ​អត្រា​មរណៈភាព​របស់​ស្ត្រី នៅ​សហរដ្ឋ​អា​មេ​រិច​។

ជំងឺ​ចាស់​វង្វេង​
​ជំងឺ​នេះ កើត​ច្រើន​បំផុត លើ​ស្ត្រី​ចាស់ជរា​។ ក្នុង​ឆ្នាំ ២០១៣ ជំងឺ​ចាស់​វង្វេង បានសម្លាប់​ស្ត្រី​ប្រហែលជា ៥៩.០០០ នាក់ បើ​ធៀប​ទៅ​មនុស្ស​ប្រុស គឺមាន​តែ ២៦.០០០ នាក់​ប៉ុណ្ណោះ​។

​ជំងឺ​ឈឺក្បាល​ប្រកាំង​
​បើ​មនុស្ស​ប្រុស​ម្នាក់ ឈឺក្បាល​ដោយ​ប្រកាំង នោះ​មនុស្ស​ស្រី ៣ នាក់​ឯណោះ​កើត​ជំងឺ​នេះ​។ ការផ្លាស់ប្តូរ​អ័រម៉ូន អាចទាក់ទង​នឹង​បញ្ហា​នេះ ប៉ុន្តែ មូលហេតុ​ពិតប្រាកដ នៃ​ការឈឺចាប់ មិនត្រូវ​បាន​គេ​ដឹង​នោះទេ​។​

ជំងឺ​ប្រព័ន្ធ​ការពារ​រាងកាយ​
"​ជំងឺ​ប្រព័ន្ធ​ការពារ​រាងកាយ​" គឺជា​ឆ័​ត្រ​មួយ ដែល​គ្របដណ្តប់​ទៅដោយ ជំងឺ​រ៉ាំរ៉ៃ​ច្រើនជាង ១០០ មុខ ដូចជា ជំងឺ​រលាក​សន្លាក់ និង​ជំងឺ​ក្រិន​សរសៃឈាម​ជាដើម​។ ស្ត្រី​ប្រហែលជា ៧៥ ភាគរយ​នឹង​អាច​ជួប​បញ្ហា​នេះ​។​

ជំងឺ​ក្រួសក្នុងប្រមាត់​
​ជំងឺ​នេះ កើតឡើង​ដោយសារតែ ភាគល្អិតៗ​ដែល​កក​ផ្តុំគ្នា នៅក្នុង​ប្រមាត់​។ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​អាយុ​លើសពី ៤០ ឆ្នាំ ច្រើន​កើត​ជំងឺ​នេះ ហើយ​ស្ត្រី​ប្រហែលជា​ពាក់កណ្តាល ត្រូវបាន​គេ​ប៉ាន់​ស្មានថា នឹង​កើត​ជំងឺ​នេះ ចន្លោះ​អាយុ ៧៥ ឆ្នាំ បើ​ធៀប​ទៅនឹង​បុរស គឺមាន​តែ ២០ ភាគរយ​ប៉ុណ្ណោះ​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20504637

  • ថ្ងៃនេះ12351
  • ម្សិលមិញ12561
  • សប្តាហ៍នេះ40301
  • ខែនេះ62181
  • ឆ្នាំនេះ62181
  • សរុប20504637