ជំងឺលើសសម្ពាធឈាមមានន័យថាកម្លាំងរបស់ឈាមដែលបុកប្រឆាំង នឹងជញ្ជាំងសរសៃឈាមគឺខ្លាំងគ្រប់គ្រាន់ដែលអាចបណ្តាលឱ្យមានបញ្ហា សុខភាពបាន ជាពិសេសជំងឺបេះដូងតែម្តង។ សម្ពាធឈាមត្រូវបានកំណត់ដោយចំនួនឈាមដែលបាញ់ចេញពីបេះដូង និងចំនួនកម្លាំងរាំងខ្ទប់ទៅនឹងលំហូរឈាមក្នុងសរសៃឈាមអាក់ទែ។ កាលណាឈាមបាញ់ចេញពីបេះដូងកាន់តែច្រើន និងសរសៃឈាមអាក់ទែកាន់តែតូច សម្ពាធឈាមនឹងកើនឡើងកាន់តែខ្លាំងដែរ។
អ្នកអាចមានជំងឺលើសសម្ពាធឈាមរយៈពេលច្រើនឆ្នាំដោយមិនមាន រោគសញ្ញាអ្វីទាំងអស់។ ទោះបីជាគ្មានរោគសញ្ញាក៏ដោយ ការខូចខាតលើសរសៃឈាម និងបេះដូងនៅតែបន្ត និងអាចរកឃើញ។ ករណីសម្ពាធឈាមមិនបានគ្រប់គ្រងឬព្យាបាល វានឹងធ្វើឱ្យប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដូចជាជំងឺ គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ជំងឺលើសសម្ពាធឈាមត្រូវបានគេចែកចេញជា ពីរប្រភេទ៖
ជំងឺលើសសម្ពាធឈាមបែប Primary (Essential) Hypertension
សម្រាប់មនុស្សវ័យកណ្តាលភាគច្រើន ជំងឺលើសម្ពាធឈាមរបស់ពួកគេគឺមិនអាចរកឃើញមូលហេតុណាមួយឡើយ។ ជំងឺលើសសម្ពាធឈាមប្រភេទនេះត្រូវបានគេឱ្យឈ្មោះថា Primary Hypertension ដែលមាននិន្នាការកើតឡើងបន្តិចម្តងៗរយៈពេលច្រើនឆ្នាំ។
ជំងឺលើសសម្ពាធឈាមបែប Secondary Hypertension
សម្រាប់មនុស្សមួយចំនួនមានសម្ពាធឈាមខ្ពស់ អាចបណ្តាលមកពីមូលហេតុណាមួយផ្សេង ហើយជំងឺលើសសម្ពាធឈាមបែបនេះត្រូវបានគេហៅថា Secondary Hypertension ដែលមាននិន្នាការកើតឡើងភ្លាមៗ ធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ជាងប្រភេទ Primary Hypertension ទៅទៀត។
មានជំងឺ និងថ្នាំច្រើនណាស់ដែលអាចនាំឱ្យកើតជំងឺលើសសម្ពាធឈាមបែប Secondary Hypertension នេះដូចជា៖
• គេងបាត់ដង្ហើម
• មានបញ្ហានៅតម្រងនោម
• មានដុំសាច់នៅក្រពះលើតម្រងនោម
• បញ្ហានៅក្រពេញទីរ៉ូអ៊ីត
• ខូចទម្រង់សរសៃឈាមតាំងពីកំណើត
• កំពុងប្រើថ្នាំដូចជា ថ្នាំពន្យារកំណើត ថ្នាំផ្តាសាយ ថ្នាំតឹងច្រមុះ ថ្នាំបំបាត់ការឈឺចាប់គ្មានវេជ្ជបញ្ជា និងថ្នាំមានវេជ្ជបញ្ជាមួយចំនួនទៀត។
• ថ្នាំញៀនដូចជា កូកាអ៊ីន អំហ្វេតាមីនជាដើម
• ប្រើគ្រឿងស្រវឹងញឹកញាប់ ឬប្រមឹករ៉ាំរ៉ៃ៕
ប្រភព៖ health