អ្នកណាៗក៏បានដឹងហើយថា ការជក់បារីបំផ្លាញសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ សព្វថ្ងៃ រដ្ឋបានលើកវិធានការផ្សេងៗដើម្បីទប់ស្កាត់ការជក់បារី ព្រោះថ្នាំជក់មានសារជាតិជាច្រើនដែលបង្កជំងឺជាច្រើនមុខ ដូចជាជំងឺបេះដូង មហារីកសួត ការបង្ករោគក្នុងផ្លូវដង្ហើម និងហឺតជាដើម។
នៅពេលជក់បារី ឬដកដង្ហើមបឺតយកផ្សែងបារីពីគេ អ្នកទទួលយកសារជាតិគីមីជាង៤,០០០មុខ ក្នុងនោះ២៥០ជាសារជាតិពុល ហើយប្រមាណជា៥០ធ្វើឱ្យកើតជំងឺមហារីក។ អង្គការសុខភាពពិភពលោកបានបង្ហាញឱ្យដឹងថា ពីពេលនេះរហូតទៅដល់ឆ្នាំ២០៣០ ថ្នាំជក់នឹងធ្វើឱ្យមនុស្សម្នាក់ក្នុងចំនួន១០នាក់ស្លាប់ គឺទាំងអស់ប្រមាណជា៨លាននាក់។
ក៏ប៉ុន្តែ ឈប់ជក់បារីមិនមែនជារឿងងាយស្រួលឯណា ព្រោះថ្នាំជក់មានជាតិនីកូទីនដែលធ្វើឱ្យញៀន អត់មិនបាន។ នីកូទីនមានប្រតិកម្មទៅលើប្រព័ន្ធជីវសាស្ត្ររបស់រាងកាយទាំងមូល ធ្វើឱ្យមានអារម្មណ៍ថាសប្បាយ ធូរស្រាល បាត់ស្ត្រេស ហើយក៏មិនសូវឃ្លានផងដែរ។ ហើយនីកូទីននេះក៏មិនមែនជាអ្នកដែលធ្វើឱ្យកើតជំងឺមហារីក នោះទេ។ គឺសារជាតិដែលមាននៅក្នុងផ្សែងបារីទៅវិញទេ ដែលបង្កមហា រីក។
បើទោះជាយ៉ាងណាក្តី ការជក់បារីនៅតែមិនល្អចំពោះសុខភាពទេ។ យកល្អគេត្រូវតែកាត់ផ្តាច់ការជក់បារីឱ្យបាន។ នៅក្នុងពេលដែលគេមិនទាន់អាចកាត់ផ្តាច់បារីបាននៅឡើយនោះ គេគួរតែឧស្សាហ៍ញ៉ាំចំណីអាហារខាងក្រោមនេះ ដែលអាចជួយសម្អាតសួតបាន។
១- សេលេនីញ៉ូម
សេលេនីញ៉ូមគឺជាអង់ទីអុកស៊ីដង់មួយដែលលាងសម្អាតសួតដោយ ប្រសិទ្ធភាព។ ការសិក្សាជាច្រើនបានបញ្ជាក់ថា សេលេនីញ៉ូមជួយបង្ការជំងឺមហារីកប្រូស្តាតនិងមហារីកសួត ព្រមទាំងជួយកាត់បន្ថយវិបាកមិនល្អនៃការព្យាបាលមហារីកផងដែរ។ ព្រោះសេលេនីញ៉ូមភ្ញោចរាងកាយឱ្យបញ្ចេញអង់ហ្ស៊ីមមួយឈ្មោះហៅថា glutathion-peroxydase ដែលរួមដៃជាមួយនឹងវីតាមីនE ការពារភ្នាសរបស់កោសិកាពីការធ្វើអុកស៊ីតកម្មដោយពួករ៉ាឌីកាល់សេរី មួយចំនួន។
មានចំណីមួយដែលសម្បូរទៅដោយសេលេនីញ៉ូម គឺ noix de Bresil ដែលសម្បូរទៅដោយវិតាមីនE ផងដែរ ម្ល៉ោះហើយល្អខ្លាំងណាស់នៅក្នុងការប្រើ។ គេក៏អាចរកទិញសេលេនីញ៉ូមជាថ្នាំគ្រប់នៅតាម ឱសថស្ថាន បានដែរ។
២- ខ្ទឹមបារាំង
ខ្ទឹមបារាំងក៏ជាអង់ទីអុកស៊ីដង់ដ៏មានប្រសិទ្ធភាពមួយដែរ នៅក្នុងការសម្អាតសួត។ ការសិក្សាជាច្រើនបានបង្ហាញឱ្យឃើញអំពីទំនាក់ទំនងគ្នារវាងញ៉ាំ ខ្ទឹមបារាំងជាមួយនឹងការថយចុះនៃការកើតជំងឺមហារីកផ្សេងៗ។ ខ្ទឹមបារាំងក៏ជួយរារាំងការកកើតកោសិកាមហារីកផងដែរ។ ការសិក្សាមួយនៅអ៊ីតាលី និង ស្វីសបានបង្ហាញថា ការញ៉ាំខ្ទឹមបារាំងពី១ទៅ៧មើមក្នុង១សប្តាហ៍បានជួយមិនឱ្យកើត ជំងឺមហារីកនៅពោះវៀនធំ ដើមបំពង់ក និងក្រពេញអូវែរ។
៣- ខ្ញី
ខ្ញីល្អខ្លាំងណាស់នៅក្នុងការបើកទងសួត បញ្ចេញស្លេស្មមកក្រៅ។ ខ្ញីក៏មានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី និងជាអង់ទីសិបទិកប្រឆាំងនឹងការរលាកផងដែរ អាចជួយព្យាបាលក្អកបាន។
ខ្ញីសម្បូរទៅដោយអង់ទីអុកស៊ីដង់ដែលធន់នឹងកម្តៅ ដែលជួយកំចាត់ពពួករ៉ាឌីកាល់សេរី ហើយសម្អាតសួត។
៤- ក្រូចថ្លុង
ក្រូចថ្លុងមាន limonoïdes ដែលជាអង់ទីអុកស៊ីដង់ប្រយុទ្ធប្រឆាំងនឹងការកកើតកោសិកាមហារីក។ ក្រូចថ្លុងក៏ជាអង់ទីប៊ីយ៉ូទិក និងជាអង់ទីសិបទិកផងដែរ។
មានការសិក្សាជាច្រើនដែលបញ្ជាក់ថាក្រូចថ្លុងអាចជួយបង្ការ ជំងឺមហារីកបាន។ ការញ៉ាំក្រូចថ្លុងពីរបីដុំក្នុង១សប្តាហ៍អាចជួយកាត់បន្ថយហានិភ័យ កើតជំងឺមហារីកនៅលើបំពង់រំលាយអាហារ និងនៅផ្នែកខាងលើប្រព័ន្ធដង្ហើមបាន៕
ប្រភព៖ Health