ប្រកាំង គឺជាជំងឺមួយដែលកើតមាន ញឹកញាប់ ដែលធ្វើឱ្យឈឺមួយចំហៀងក្បាល ចាប់ពើតខ្ទោកៗជាច្រើនម៉ោង (ពី៤ ទៅ៧២ម៉ោង)។ វាធ្វើឱ្យអ្នកជំងឺមិនអាចអត់ទ្រាំបាននឹងពន្លឺនិងសម្លេងខ្លាំងៗ ហើយអាចមានការឆ្អើមនិងចង្អោរទៀតផង។
មូលហេតុដែលធ្វើឱ្យកើតប្រកាំងអាចខុសៗគ្នាពីអ្នកជំងឺម្នាក់ទៅ អ្នកជំងឺម្នាក់ទៀត។ គ្រូពេទ្យជាច្រើនបានណែនាំថា អ្នកជំងឺគួរមានសៀវភៅមួយសម្រាប់កត់ត្រាចំណាំថាតើរបស់របរ ស្ថានភាព ឬសកម្មភាពអ្វីខ្លះដែលធ្វើឱ្យខ្លួនឈឺក្បាល រួចហើយខំជៀសវាងមូលហេតុទាំងអស់នោះចេញ។ ការធ្វើបែបនេះអាចជួយអ្នកជំងឺឱ្យគ្រប់គ្រងការឈឺចាប់បាន រួមផ្សំជាមួយនឹងការហូបចំណីអាហារដែលធ្វើឱ្យមានសុខភាព នឹងការធ្វើសកម្មភាពហាត់ប្រាណផងដែរ។
ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលអាចធ្វើឱ្យកើតប្រកាំងបាន៖
១- ការប្តូរទម្លាប់ក្នុងការគេង
ជាទូទៅ អ្នកជំងឺប្រកាំងចូលចិត្តឱ្យអ្វីៗស្ថិតនៅដដែល គិតតាំងពីការគេងទៅ។ គេត្រូវចូលគេង និងភ្ញាក់មកវិញឱ្យទៀងម៉ោង បើពុំនោះទេវានឹងធ្វើឱ្យឈឺក្បាលជាមិនខានទេ។
២- ក្រោយមានស្ត្រេស
ចំពោះមនុស្សមួយចំនួន ប្រកាំងកើតចេញមកក្រោយពីគេមានកើតស្ត្រេស។ ស្ត្រេសធ្វើឱ្យរាងកាយធ្វើប្រតិកម្មឆ្លើយតបដោយការបញ្ចេញជាតិគីមី ផ្សេងៗ ដែលធ្វើឱ្យឈឺក្បាលនៅពេលដែលស្ត្រេសកន្លងផុតទៅ។
៣- ភ្លៀង
វាគ្មានការពន្យល់វិទ្យាសាស្ត្រណាដែលបញ្ជាក់អំពីមូលហេតុ មួយនេះទេ ក៏ប៉ុន្តែចំពោះមនុស្សមួយចំនួន គេឈឺក្បាលភ្លាមកាលណាមានភ្លៀង។
៤- ការឡើងចុះអត្រាអឺស្ត្រូហ្សែន
អត្រាឡើងចុះនៃអឺស្ត្រូហ្សែនដោយសារការលេបថ្នាំ ពន្យារកំណើត ឬថ្នាំផ្សេងៗក្នុងពេលមានគភ៌និងក្រោយពីសម្រាលកូន ក៏អាចធ្វើឱ្យកើតប្រកាំងបានដែរ។
៥- ទឹកអប់
ក្លិនទឹកអប់ខ្លះក៏អាចធ្វើឱ្យកើតប្រកាំងបានដែរ ដូចជាពន្លឺភ្លឺខ្លាំង ឬស្គ្រីនកុំព្យូទ័រអីចឹងដែរ។
៦- ចំណីអាហារ
ចំណីអាហារដែលមាន tyramine (ហ្វ្រូម៉ាស) និង tanins (តែ កាហ្វេ ទឹកប៉ោម) សុទ្ធតែអាចជាមូលហេតុនៃប្រកាំង។ ក្រៅពីនេះ ប៊ីចេង មេស្ករ និងជាតិនីទ្រីត ក៏អាចធ្វើឱ្យកើតប្រកាំងបានដែរ។
៧- ការខ្វះ ឬលើសជាតិកាហ្វេអ៊ីន
អាស្រ័យទៅតាមអ្នកជំងឺម្នាក់ៗ ការខ្វះឬលើសជាតិកាហ្វេអ៊ីនធ្វើឱ្យកើតប្រកាំង។
៨- ការប្រឹងបញ្ចេញកម្លាំងខ្លាំងពេក
គ្មានការពន្យល់វិទ្យសាស្ត្រណាមួយទេ ក៏ប៉ុន្តែចំពោះអ្នកជំងឺខ្លះការប្រឹងបញ្ចេញកម្លាំងខ្លាំងពេក ធ្វើឱ្យឈឺក្បាល។ វាប្រហែលជាមកពីការដែលមានការផ្លាស់ប្តូរជាតិគីមីក្នុងខ្លួន ដោយសារការខំប្រឹង។ ដូច្នេះ គេត្រូវឧស្សាហ៍ហាត់ប្រាណឱ្យបានរឿយៗ។
៩- ការអាក់ខានមិនបានញ៉ាំអាហារ
ការអាក់ខានមិនបានញ៉ាំអាហារឱ្យទៀងទាត់តាមពេលវេលាក៏អាច ធ្វើឱ្យឈឺក្បាលបានដែរ ព្រោះវាធ្វើឱ្យអត្រាជាតិស្ករក្នុងឈាមធ្លាក់ចុះ។
សរុបសេចក្តីមក ឱសថដែលមានប្រសិទ្ធភាពក្នុងការបង្ការជំងឺប្រកាំង គឺត្រូវរក្សាឱ្យបាននូវទម្លាប់ប្រព្រឹត្តប្រចាំថ្ងៃ៕
ប្រភព៖ health