ថ្មីៗ នេះ អគ្គនាយក Nasser Al-Khelaifi របស់ក្លឹប Paris Saint-Germain បានធ្វើការច្រានចោលទៅនឹងសារពត៌មានដែលចុះផ្សាយថា ជើងឯកនៅ Ligue 1 មួយនេះកំពុងតែទាក់ទងទិញខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹប Real Madrid នោះ។ កីឡាករ Ronaldo ធ្លាប់ត្រូវបានគេដឹងថា ជាគោលដៅរបស់ក្លឹប PSG និងអតីតក្លឹបចាស់ Manchester United ហើយ Ronaldo អាចនឹងចាកចេញពីទឹកដី Santiago Bernabeu ។
លោក El-Khelaifi និយាយថា “នៅខណៈពេលនេះ កីឡាករ Ronaldo ជាកីឡាករឆ្នើមរបស់ Real Madrid ។ គាត់នៅសល់កុងត្រាជាមួយនឹងក្លឹប Real Madrid រយៈពេល 2 ឆ្នាំកន្លះទៀត។ ខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងអគ្គនាយក Florentino Perez របស់ក្លឹប Real Madrid ហើយយើងមិននិយាយរឿង Ronaldo នោះទេ។ Ronaldo អាចជាកីឡាករកំពូលនៅ Real Madrid ប៉ុន្តែនៅទីនេះយើងមានកីឡាករអស្ចារ្យជាច្រើនរូបដូចជា Angel Di Maria ជាដើម។ ខ្ញុំពេញចិត្តជាខ្លាំងជាមួយនឹងកីឡាករខ្សែប្រយុទ្ធបច្ចុប្បន្នរបស់ យើង។”
លោកបានបន្ថែមថា “កុងត្រារបស់កីឡាករ Zlatan Ibrahimovic ជាមួយនឹងក្លឹប PSG នឹងបញ្ចប់នៅចុងរដូវកាលនេះ ហើយយើងនឹងធ្វើការពិភាក្សាពីអនាគតរបស់ខ្សែប្រយុទ្ធវ័យ 34 ឆ្នាំរូបនេះនៅខែកុម្ភៈ។ ខ្ញុំគោរពកីឡាករ Ibrahimovic គាត់តែងតែលេងបានយ៉ាងល្អជានិច្ច។ គាត់នឹងបំភ្លេចអ្វីដែលគាត់បានកសាងនៅក្លឹបនេះនោះទេ។ អ្នកគាំទ្រ និងក្លឹបទាំងមូលចងចាំរូបគាត់ជានិច្ច៕”
ប្រភព៖ goal , sportkh