ពេលនេះ ការព្យាបាលរបួសរបស់កីឡាករខ្សែបំរើ Jack Wilshere ត្រូវការរយៈពេល 2 ខែទៀតគឺរហូតទាល់តែដល់ខែកុម្ភៈ នេះបើតាមការអះអាងរបស់គ្រូបង្វឹក Arsene Wenger ។ កីឡាករខ្សែបំរើរូបនេះបានរងរបួសបាក់ជើងខណៈពេលដែលកំពុងហ្វឹកហាត់ មួយថ្ងៃមុន Community Shield ។
វាមានន័យថា ពេលនេះកីឡាករ Wilshere នឹងមិនបានលេងទេនៅក្នុងរដូវកាលនេះ ហើយការចូលលេងនៅក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ Euro 2016 នៅប្រទេសបារាំងនៅរដូវកាលក្រោយក៏មិនបានចូលលេងទៀត។ លោក Hodgson គ្រូបង្វឹករបស់អង់គ្លេសគូរតែឈប់រង់ចាំ Wilshere ទៅហើយរើសយកកីឡាករបម្រុងមួយទៀត។
គ្រូបង្វឹករបស់ក្លឹប Arsenal ក៏រងសម្ពាធផងដែរ ព្រោះកីឡាករសំខាន់ៗដូចជា Wilshere ឬ Danny Welbeck សុទ្ធតែព្យាបាលរយៈពេលយូរហើយមិនទាន់ដឹងថ្ងៃវិលជាក់លាក់នោះទេ។ លោក Wenger បាននិយាយថា “Wilshere អាចត្រូវពន្យារពេលរហូតដល់ខែកុម្ភៈ វាពិតប្រាកដណាស់។ ខ្ញុំនិយាយថា ក្នុងខែកុម្ភៈ ប៉ុន្តែមិនទាន់ដឹងថ្ងៃណានោះទេ។ ខ្ញុំអនុញ្ញាតឱ្យគាត់ចំណាយពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាកព្យាបាល របួស។”
អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ ក្លឹបកាំភ្លើងធំ Arsenal ទើបតែត្រូវក្លឹប Southampton បំបាក់នៅក្នុងលទ្ធផល 4-0 ។ លោក Wenger បានបន្ថែមថា “វាមិនមែនជាកំហុសរបស់ Jack នោះទេនៅថ្ងៃដែលយើងចាញ់ក្លឹប Southampton ហើយការប្រកួតលើកក្រោយជាមួយនឹងក្លឹប Bournemouth គាត់ក៏មិនអាចចូលរួមការប្រកួតបានដែរ។ ចំនែកកីឡាករ Mathieu Flamini ក៏ប្រហែលជាអវត្តមានផងដែរដោយសារតែរបួសស្មងជើង។ ពេលនេះ Wilshere, Welbeck, Francis Coquelin និង Santi Cazorla សុទ្ធតែរងរបួសយូរៗ ដូចនេះយើងត្រូវតែដោះស្រាយបញ្ហានេះឱ្យបាននៅខែមករា៕”
ប្រភព៖ mirror , sportkh