ថ្មីៗ នេះ ខ្សែប្រយុទ្ធ Stevan Jovetic របស់ក្លឹប Inter បានទម្លាយអាថ៌កំបាំងថា កាលគាត់នៅលេងឱ្យក្លឹប Manchester City គាត់ត្រូវប្រឈមមុខរងរបួសច្រើននៅ Premier League ហើយវាជាកត្តាដែលជម្រុញឱ្យគាត់ចាកចេញពីក្លឹប Man City ដោយគ្មានក្តីសោកស្តាយនោះទេ។ ខ្សែប្រយុទ្ធរូបនេះធ្លាប់បានលេងនៅទឹកដី Etihad Stadium បានរយៈពេល 2 ឆ្នាំប៉ុន្តែចូលរួមការប្រកួតបានត្រឹម 30 លើកប៉ុណ្ណោះ ហើយអវត្តមានរបស់គាត់ភាគច្រើនគឺរងរបួស។
បន្ទាប់ មកនៅខែកក្កដា កីឡាកររូបនេះត្រូវបានលក់ទៅឱ្យក្លឹប Inter ហើយគាត់បានបង្ហាញក្តីរីករាយថា គាត់ពេញចិត្តនឹងទៅលេងក្នុងទឹកដី San Siro ព្រោះគាត់បានលេងបានច្រើនប្រកួតជាងនៅ Premier League ។ គាត់បាននិយាយបន្ថែមថា “ជាការពិតណាស់ ខ្ញុំពិតជារីករាយដែលបានលេងបានច្រើនប្រកួតជាងនៅក្លឹប Manchester City ដូចអ្វីដែលអ្នកបានឃើញនៅទីនេះហើយ គឺខ្ញុំអាចធ្វើការអភិវឌ្ឈសមត្ថភាពរបស់ខ្លួន និងធ្វើបានល្អបំផុតសម្រាប់ក្លឹប។”
(រូបតំណាង)
“កាលពីដំបូងឡើយ ខ្ញុំគិតថាការទៅលេងនៅក្លឹប Man City ពិតជាពេលវេលាមួយដ៏ល្អ ព្រោះក្លឹបមួយនេះជាក្លឹបដែលអស្ចារ្យ និងមានកីឡាករកំពូលជាច្រើនរូប។ ខ្ញុំបានចំណាយរយៈពេល 2 រដូវកាលនៅទីនោះហើយទទួលបានបទពិសោធន៍ជាច្រើន ប៉ុន្តែបញ្ហាធំបំផុតសម្រាប់ខ្ញុំនោះគឺទាក់ទងនឹងបញ្ហារងរបួស ច្រើនពេកដែលវាជាកត្តាធ្វើឱ្យខ្ញុំសម្រេចចិត្តឈប់ពី Premier League ព្រោះខ្ញុំគ្មានឱកាសបានលេងច្រើននោះទេ។”
(រូបតំណាង)
កីឡាកររូបនេះបន្ថែមថា “នៅទីនេះ យើងបានចាប់ផ្តើមបើកឆាករដូវកាលបានយ៉ាងល្អ ក្រោយមកខ្ញុំមានរបួសតិចតួចបន្ទាប់ពីទើបតែលេងបានពីរប្រកួត ដូចនេះខ្ញុំត្រូវធ្វើការសម្រាកសិន។ ក្រោយមកទៀត ខ្ញុំមិនសូវរកគ្រាប់បាល់បានច្រើននោះទេ ប៉ុន្តែខ្ញុំនៅចាំថាការប្រកួតជាមួយនឹងក្លឹប AS Roma និងក្លឹប Juventus ខ្ញុំលេងបានយ៉ាងល្អ ព្រោះខ្ញុំគ្មានអារម្មណ៍ភ័យខ្លាចនោះទេ ហើយក្នុងចិត្តរបស់ខ្ញុំគឺគិតតែរឿងឈ្នះប៉ុណ្ណោះ៕”
ប្រភព៖ goal.com , sportkh