ប៉ារីស៖ យោងទៅតាមការស្រាវជ្រាវដែលបានចុះផ្សាយរួច បានឱ្យដឹងថា ថ្នាំពន្យារកំណើតមានសមត្ថភាពបង្ការជំងឺមហារីកស្បូនបានរហូតដល់២០០០០០ ករណីឯណោះ ក្នុងពេលសិក្សារយៈពេល១០ឆ្នាំមុនទៅលើប្រទេសអ្នកមានប៉ុណ្ណោះ។
ការសិក្សាដែលបានចុះផ្សាយក្នុងសារព័ត៌មានវេជ្ជសាស្ត្រ The Lancet Oncology បានរកឃើញថា ការប្រើថ្នាំពន្យារកំណើតក្នុងរយៈពេលវែងមួយ នឹងផ្តល់ជាការការពារប្រឆាំងនឹងជំងឺមហារីកអង់ដូម៉ែត (Endometrial Cancer) ដែលប៉ះពាល់ដល់ស្បូន។
អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ចំនួនជំងឺមហារីកអង់ដូម៉ែត្រសរុប៤០០០០០ករណី ក្នុងរយៈពេល៥០ឆ្នាំកន្លងមក ត្រូវបានចៀសវាងផុតចំពោះប្រទេសដែលមានចំណូលសេដ្ឋកិច្ចខ្ពស់។
អត្ថប្រយោជន៍ប្រឆាំងនឹងជំងឺមហារីកបានបន្តជាប់រយៈពេល១០ឆ្នាំ ក្រោយពីស្ត្រីបញ្ឈប់ការប្រើថ្នាំពន្យារកំណើត ដែលធ្វើការប្រមូលទិន្នន័យស្ត្រីកើតជំងឺមហារីកអង់ដូម៉ែតចំនួន២៧២៧៦ នាក់ ក្នុងប្រទេសចំនួន២៤ ។
ស្ត្រីដែលប្រើថ្នាំពន្យារកំណើតនៅពេលអាយុខ្ទង់២០ឆ្នាំ ឬក្មេងជាងនេះ នៅតែទទួលបានប្រយោជន៍ពីវានៅអាយុចាប់ពី៥០ឆ្នាំឡើងទៅ ដែលជាពេលវេលាងាយនឹងកើតមហារីក។ មានមនុស្សជាច្រើនធ្លាប់បារម្ភថា ថ្នាំពន្យារកំណើតអាចបង្កជំងឺមហារីកដែរ ប៉ុន្តែការប្រើថ្នាំនេះរយៈពេលយូរនឹងជួយកាត់បន្ថយការកើតជំងឺ មហារីកទៅវិញទេ។
ការសិក្សាបានរកឃើញថា ជារៀងរាល់៥ឆ្នាំនៃការប្រើថ្នាំពន្យារកំណើតអាចកាត់បន្ថយ ការប្រឈមមុខប្រហែលមួយភាគបួន។ ឧទាហរណ៍ ការប្រើថ្នាំពន្យារកំណើតរយៈពេល១០ឆ្នាំអាចកាត់បន្ថយការកើតជំងឺ មហារីកអង់ដូម៉ែតមុនអាយុ៧៥ឆ្នាំពី ២,៣ ទៅ ១,៣ ករណីក្នុងចំនួនអ្នកប្រើប្រាស់១០០នាក់៕
ប្រភព៖ health