លោក Guus Hiddink បានរីករាយជាមួយនឹងជ័យជម្នះជាលើកទី១របស់លោក បើគិតចាប់តាំងពីចូលកាន់តំណែងក្នុងនាមជាអ្នកចាត់ការទូទៅបណ្តោះ អាសន្នរបស់ក្រុម Chelsea ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកបាក់ចង្កូមមួយនេះ បានបំបាក់ក្រុម Crystal Palace ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ។
ក្រោយ ពីបានបញ្ចប់ក្នុងលទ្ធផលស្មើ Watford និង Manchester United បន្ទាប់ពីការទៅដល់របស់លោកក្នុងនាមជាគ្រូបង្វឹកជំនួសលោក Jose Mourinho ទីបំផុត លោក Hiddink អាចធ្វើការអបអរការទទួលបាន៣ពិន្ទុនៅកីឡដ្ឋាន Selhurst Park។ Oscar បានរកគ្រាប់បាល់បើកឆាកក្នុងតង់ទី១ នៅមុនពេលគ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ Willian និងខ្សែប្រយុទ្ធ Diego Costa បានបន្តការមិនស្គាល់ចាញ់របស់ក្រុម Chelsea រហូតដល់ទៅ៤ប្រកួតបើគិតចាប់តាំងពីលោក Mourinho ចាកចេញ។
ក្រោយពីជួបភាពរង្គោះរង្គើក្នុងរដូវកាលនេះដោយសារតែការបែក បាក់មិត្តភាពរបស់លោក Mourinho ជាមួយនឹងកីឡាកររបស់លោក ក្រុមតោខៀវ បានបង្ហាញពីភាពខ្លាំងវិញក្រោមការដឹកនាំរបស់លោក Hiddink និងបាននាំមុខ៦ពិន្ទុពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោល ក្រោយពីការទទួលជ័យជម្នះក្នុងការប្រកួតលីកនៅក្រៅដីជាលើកទី១ របស់ពួកគេក្នុងចំណោមការប្រកួត៨លើក។
លោក Hiddink បានឲ្យដឹងថា៖ «គ្រប់គ្នាដឹងថា យើងមានភាពខ្លាំងជាច្រើនក្នុងក្រុមរបស់យើង ប៉ុន្តែ ពេលខ្លះក្រុមម្ចាស់ជើងឯកមាននិន្នាការមួយឆ្ពោះទៅកាន់ការពេញ ចិត្តជ្រុលពេក ហើយវាអាចលំបាកក្នុងការវិលទៅកាន់ទម្រង់លេងដ៏ខ្លាំងមួយ»។
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានបន្ថែមទៀតថា៖ «សូមកុំទៅឲ្យហួសពីចំណុចកំពូលខ្លាំងពេគ។ ជាការទទួលជ័យជម្នះជាលើកទី១ក្រោយពីអំឡុងពេលដ៏ព្រួយបារម្ភ មួយជាមួយនឹងការបញ្ចប់ក្នុងលទ្ធផលស្មើ២លើក ហេតុនេះក្រុមត្រូវតែឈ្នះ ហើយវាជ័យជម្នះដ៏ជឿជាក់។ នៅពេលដែលយើងលេងដូចដែលយើងបានធ្វើនៅថ្ងៃនេះ ខ្ញុំនឹងមានការរីករាយ»៕
ប្រភព៖ Channel News Asia , cambosport