ចំណាត់ថ្នាក់ នៃ FIFA World Ranking របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាសម្រាប់ខែធ្នូនេះបានរំកិលឡើង៣ លេខ ពោលគឺចំណាត់ថ្នាក់លេខ ១៨០ មាន៨៣ ពិន្ទុ ក្រោយប្រកួតឈ្នះប្រ៊ុយណេ៦-០ ក្នុងលក្ខណៈមិត្តភាពអន្តរជាតិ និងចាញ់ ក្រុម អាហ្វហ្គានីស្ថាន ៤ ទល់ ០ និងជប៉ុន២ទល់នឹង០ ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup Russia នៅពូល E ជុំទី២ ជើងទី២ ប្រចាំទ្វីបអាស៊ី ក្នុងខែវិចិ្ឆកាកន្លងទៅ។
ដោយឡែកនៅក្នុងតំបន់អាស៊ីវិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៣៧ ក្នុងចំណោម៤៦ប្រទេស។ នៅក្នុងទ្វីបអាស៊ីនេះក្រុមកំពូលទាំង៥គឺ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ឈរនៅលើគេ បន្ទាប់មកជប៉ុន ឈរនៅលេខ២ អូស្ត្រាលីឈរនៅលេខ៣ អារ៉ាប់រួមលេខ៤ និងលេខ៥គឺក្រុមអារ៉ាប៊ីសាប៊ូឌីត។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឯនេះវិញ ក្នុងចំណោម១១ប្រទេស ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១០ តាមពីក្រោយដោយក្រុម បាល់ទាត់ជម្រើសជាតិប្រ៊ុយណេ ស្ថិតនៅក្រោយគេ និងឈរនៅលេខ១៨៥នៃតារាងចំណាត់ FIFA World Ranking។ក្រុមដែលឈរនៅលើគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ ថៃ (២៦៣) ភីលីពីន ឈរនៅលេខ២ (២៣៩) លេខ៣ វៀតណាម (២០០) សឹង្ហបុរី ឈរនៅលេខ៤ (១៩៥) មីយ៉ានម៉ា លេខ៥ (១៥៥) ទីម័រខាងកើត លេខ៦ (១២៧) លេខ៦ ម៉ាឡេស៊ី (១២៧) លេខ៨ ឡាវ (៨៨) ឯលេខ ៩ ឥណ្ឌូនេស៊ី (៨៤) លេខ ១០ កម្ពុជា (៨៣) និង លេខ ១១ ប្រ៊ុយណេ (៧៤) ពិន្ទុ។
សម្រាប់ចំណាត់ថ្នាក់ក្រុមខ្លាំងជាងគេប្រចាំពិភពលោកក្នុងខែ ធ្នូ ឆ្នាំ ២០១៥ នេះមាន បែលហ្ស៊ិក ឡើងឈរចំណាត់ថ្នាក់លេខ១ ចំនួន ២ ខែជាប់គ្នា តាមពីក្រោយដោយអាហ្សង់ទីន លេខ២ ហើយអេស្ប៉ាញ ឈរលេខ៣, អាល្លឺម៉ង់ឈរលេខ៤ , ឈីលី លេខ ៥, ប្រេស៊ីល លេខ ៦, ព័រទុយហ្គាល់ លេខ៧, កូឡុំប៊ី លេខ៨, អង់គ្លេសលេខ ៩ និងអួទ្រីស ជាប់លេខ១០៕
ប្រភព៖ WEAREFOOTBALL , sportkh