ប្រសិនបើអ្នកកំពុងតែព្យាយាមរក្សាសុខភាពអោយល្អ និងរក្សារូបរាងកាយអោយសមសួននោះអ្នកប្រហែលជាធ្លាប់បានលឺពីមុនមក ហើយថា អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់មួយ ។កាលពីជាង១០ឆ្នាំមុន មានអំណះអណាងមួយបញ្ជាក់ថា ការបរិភោគអាហារពេលព្រឹកគឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការ រក្សាទម្ងន់រាងកាយ។ ប៉ុន្តែពេលវេលាប្រែប្រួល ហើយពេលនេះអ្នកជំនាញ និងការសិក្សាស្រាវជ្រាវថ្មី គឺមិនបានយល់ស្របទៅនឹងគំនិតនេះទៀតទេ។
នៅក្នុងឆ្នាំ ២០១៤ មានក្រុមសិក្សាស្រាវជ្រាវមួយក្រុម បានធ្វើការសិក្សាមួយនៅសកលវិទ្យាល័យ អាឡាបាម៉ា (Alabama) ។អ្នកសិក្សាស្រាវជ្រាវ បានធ្វើពិសោធន៍ទៅលើថាតើ អាហារពេលព្រឹកពិតជាអាហារដ៏សំខាន់មួយ ក្នុងចំណោមអាហារទាំងបីពេល មែនឬយ៉ាងណា? នៅក្នុងការសិក្សានេះ មានមនុស្សចំនួន ៣០០នាក់បានចូលរួម ដែលក្នុងនោះពួកគេត្រូវបានជ្រើសរើស ដោយមិនបានព្រៀងទុក អោយធ្វើការបរិភោគអាហារពេលព្រឹក។ ហើយមួយក្រុមទៀត គឺតម្រូវអោយមិនបរិភោគវា និងមួយក្រុមទៀតគឺបន្តអនុវត្តនូវទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។ ៤ខែក្រោយមក អ្នកចូលរួមទាំងអស់ បានទទួលការវាយតម្លៃ ហើយអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា វាមិនមានភាពខុសគ្នាអ្វីនោះទេ នៃការស្រកទម្ងន់ ចំពោះក្រុមអ្នកចូលរួមទាំងបីប្រភេទនេះ ។
មានការសិក្សាស្រាវជ្រាវមួយផ្សេងទៀត បានធ្វើឡើងនៅសកលវិទ្យាល័យ ខណែល ( cornell) ដែលក្រុមមនុស្សទាំងនោះត្រូវបានចាត់តាំងអោយធ្វើការពិសោធន៍ដូចគ្នា មួយ។ វាត្រូវបានរកឃើញថា ក្រុមមនុស្សដែលមិនបានបរិភោគអាហារពេលព្រឹក គឺមិនបានប្រើប្រាស់នូវថាមពលកាឡូរីច្រើនដូចអ្នកបានបរិភោគអាហារ ពេលព្រឹកនោះទេ ។ ទន្ទឹមនេះ ក៏វាមានការសិក្សាស្រាវជ្រាវមួយទៀត ដែលបានធ្វើនៅសកលវិទ្យាល័យ បាស (Bath) ដែលក្នុងនោះការរកឃើញបានបញ្ជាក់ថា អ្នកដែលមិនបរិភោគអាហារពេលព្រឹក ប្រើប្រាស់ថាមពលតិចជាង ក្រុមមនុស្សដែលបានបរិភោគអាហារដំបួងក្នុងមួយថ្ងៃនេះ ។
ការសិក្សាស្រាវជ្រាវថ្មី បានរកឃើញនូវចំណុចដូចគ្នាមួយគឺ ប្រសិនបើអ្នកក្រោកពេលព្រឹក ហើយអ្នកមិនឃ្លានអ្វីទេ នោះអ្នកក៏មិនចាំបាច់បរិភោគអាហារព្រឹកនោះដែរ។ អ្នកក៏មិនគួរខ្លាច ក្នុងការមិនបរិភោគអាហារពេលព្រឹកនោះដែរ ប្រសិនបើអ្នកកំពុងស្ថិតក្នុងដំណាក់កាលគ្រប់គ្រងទម្ងន់។ អ្នកជំនាញយល់ស្របថា ការញាំនំដូណាត់ ឬរបស់អ្វីដែលមានជាតិផ្អែមនៅក្នុងពេលព្រឹក គឺបានត្រឹមតែបន្ថែមជាតិស្ករទៅក្នុងក្រពះ ដែលនេះជាការអនុវត្តនូវទម្លាប់ នៃការត្រូវតែបរិភោគអាហារពេលព្រឹក ដែលនឹងកាន់តែធ្វើអោយស្ថានភាពសុខភាពអាក្រក់ជាង ការមិនបរិភោគអាហារពេលព្រឹកទៅទៀត។
ដូចគ្នានេះដែរ ការផឹកទឹកផ្លែឈើនៅក្នុងពេលព្រឹក វាក៏បានផ្តល់ផលប៉ះពាល់មួយចំនួនផងដែរ ព្រោះថាក្នុងទឹកផ្លែឈើទាំងនោះ មិនមែនជាអាហារដែលមានជាតិសសៃនោះឡើយ។ ដូច្នេះ គឺអ្នកគ្រាន់តែបានផឹកទឹកស្ករមួយកែវប៉ុណ្ណោះ។ សម្រាប់កាហ្វេ ការកំណត់ពេលវេលា គឺជាការចាំបាច់។ អ្នកអាចផឹកវានៅក្នុងពេលព្រឹក ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ស្រស់ថ្លា និងស្វាងល្អនោះហើយ អ្នកក៏មិនចាំបាច់ផឹកវាទៀតដែរ ព្រោះថាវាអាចធ្វើអោយអ្នកពឹងផ្អែកទៅលើជាតិកាហ្វេអ៊ីន និងរងនូវផលប៉ះពាល់ផ្សេងៗរបស់វា។
លើកលែងតែកាហ្វេមួយចេញ វាពិតជាចាំបាច់ក្នុងការគិតពី “អ្វីដែលគួរញាំ” ជាង “ពេលដែលគូរញាំ” នៅពេលដែលអ្នកចង់គ្រប់គ្រងទម្ងន់រាងកាយ។ ការជ្រើសរើសអាហារអោយបានត្រឹមត្រូវយកមកបរិភោគ គឺជាអ្វីដែលមានឥទ្ធិពលទៅលើទម្ងន់រាងកាយ និងការរក្សាវា អោយបានត្រឹមត្រូវ ជាជាងការគិតពីពេលវេលានៃការញាំ ៕
ប្រភព៖ health