Oumar Niasse ដែលជាខ្សែប្រយុទ្ធកំពុងឡើងទម្រង់លេងរបស់ក្លិប Lokomotiv Moscow នោះ នឹងត្រូវផ្ទេរទៅកាន់ក្របខ័ណ្ឌអង់គ្លេស Premier League ក្នុងតម្លៃខ្លួន១៥លានផោន (ស្មើនឹង២២,០៧លានដុល្លារអាមេរិក) នៅខែមករានេះ ខណៈដែលក្លិបជាច្រើនកំពុងតែត្រួតពិនិត្យលើស្ថានភាពរបស់គេ។
ក្លិប Chelsea, Manchester United និង Tottenham Hotspur បានធ្វើការអង្កេតទៅលើរូបគេនៅពាក់កណ្តាលរដូវកាលទី១នៃរដូវ កាលនេះ ហើយក្លិបនីមួយៗកំពុងតែសម្លឹងរកការពង្រឹងនៅតំបន់ប្រយុទ្ធ របស់ពួកគេនៅខែនេះ។ ក្លិប Everton, Newcastle United និង Aston Villa ក៏ចង់បានខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់រូបនេះផងដែរ ដែលបានជាប់ឆ្នោតជាកីឡាករឆ្នើមរបស់ក្របខ័ណ្ឌ Russian Premier League ក្នុងឆ្នាំ២០១៥ ។
ក្នុងការប្រកួត២១លើកសម្រាប់ក្រុម Lokomotiv នៅរដូវកាលនេះ រូបគេបានស៊ុតបាល់បញ្ចូលទី១២គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកគ្រាប់បាល់បញ្ចូលទី១០គ្រាប់ ផ្សេងទៀត។ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ បានជួយឲ្យក្លិបរបស់គេឈរក្នុងចំណាត់ថ្នាក់លេខ៣នៅលើតារាងលីក ពោលគឺ៥ពិន្ទុពីក្រោយក្រុមកំពុងនាំមុខ CSKA Moscow ហើយសម្រាប់ការឈានទៅប្រកួតវគ្គ៣២នាក់ចុងក្រោយនៃក្របខ័ណ្ឌ Europa League ក្រុម Lokomotiv បានបញ្ចប់ដោយការឈរនៅលើកំពូលតារាងក្នុងពូលដែលក្នុងនោះក៏ មានក្រុម Sporting Lisbon និង Besiktas ផងដែរ។
ក្លិប Bayer Leverkusen និង Monaco បានរងនូវការច្រានចោលនូវសំណើរបស់ខ្លួនសម្រាប់ការទិញ Niasse ហើយវាមាននូវក្លិបជាច្រើនផ្សេងទៀតនៅអឺរ៉ុបដែលកំពុងតែចាប់អារម្មណ៍។ ប៉ុន្តែ បេះដូងរបស់គេគឺការផ្ទេរទៅកាន់អង់គ្លេសសម្រាប់ហេតុផលឯកជន និងអាជីព ពីព្រោះភរិយារបស់គេកំពុងតែស្នាក់នៅទីក្រុង Manchester៕
ប្រភព៖ The Guardian , cambosport