ទឹកនោមមិនគ្រាន់តែជាផលិតផលគ្មានបានការទេ តែវាក៏អាចបញ្ជាក់ថាអ្នកមានសុខភាពល្អប៉ុណ្ណាដែរ។ អ្នកត្រូវតែសម្គាល់ថា ទឹកនោមរបស់អ្នកនឹងទៅជាពណ៌លឿងចាស់នៅពេលដែលអ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់។ ប៉ុន្តែអ្នកមានដឹងទេថា មានសញ្ញាផ្សេងៗជាច្រើនដែលទឹកនោមរបស់អ្នកប្រាប់អំពីសុខភាពរបស់ អ្នកដែរនោះ?
ទឹកនោមដែលមានក្លិនផ្អែម
បើសិនជាទឹកនោមអ្នកមានក្លិនផ្អែម រឿងនេះអាចបញ្ជាក់ថាអ្នកកំពុងតែមានជំងឺទឹកនោមផ្អែមហើយ។ ទឹកនោមចាប់ផ្តើមមានក្លិនផ្អែមដោយសារតែជាតិគ្លុយកូសលេចចេញតាម ទឹកនោមបាន។ សម្រាប់អ្នកដែលធ្លាប់ធ្វើរោគវិនិច្ឆ័យដឹងថាមានជំងឺទឹកនោមផ្អែម ហើយ ទឹកនោមមានក្លិនផ្អែមអាចបញ្ជាក់ថា ចំនួនជាតិស្ករក្នុងឈាមពួកគេគឺមិនមានការគ្រប់គ្រងល្អឡើយ។ ជាតិផ្អែមក៏អាចមានន័យថា ជាតិកេតូនក្នុងឈាមកើនច្រើនដែរ។
ទឹកនោមពណ៌ក្រហម ឬផ្កាឈូក
បើសិនជាអ្នកធ្លាប់មានឃើញទឹកនោមអ្នកមានលក្ខណៈក្រហម ព្រឿងៗ ឬផ្កាឈូកនោះ មានន័យថា វាអាចជាសញ្ញានៃវត្តមានរបស់ឈាមក្នុងទឹកនោម មានការបង្ករោគ ឬជំងឺតម្រងនោម ឬមហារីកតម្រងនោម។ បើសិនជាទឹកនោមចេញជាពណ៌ត្នោតវិញ វាអាចបញ្ជាក់អំពីការបង្ករោគនៅថ្លើមធ្ងន់ធ្ងរ។
ទឹកនោមមានក្លិនស្អុយ
កាហ្វេ ខ្ទឹមសច្រើនតែនាំឱ្យទឹកនោមមានក្លិនស្អុយ។ ប៉ុន្តែបើសិនជាទឹកនោមចាប់ផ្តើមមានក្លិនស្អុយដោយមិនបានញ៉ាំអាហារ ទាំងនេះទេនោះ វាអាចជាសញ្ញានៃការបង្ករោគណាមួយហើយ។ វាក៏អាចជាសញ្ញាបញ្ជាក់ថាមានការធ្លាក់ជាតិប្រូតេអ៊ីន គ្លុយកូសតាមទម្រងនោមដែល ជាហេតុនាំឱ្យទឹកនោមមានក្លិនស្អុយ។
លេចនោមដោយមិនដឹងខ្លួន
ការលេចនោមនៅពេលសើច កណ្តាស ឬហាត់ប្រាណអាចជាសញ្ញានៃជំងឺលេចនោមដោយមិនដឹងខ្លួន និងការខ្សោយរបស់សាច់ដុំអាងត្រគៀក។ យ៉ាងណាមិញ អ្នកអាចដោះស្រាយបញ្ហានេះជាមួយនឹងការហាត់ប្រាណ Kegel ដែលអាចពង្រឹងដល់សាច់ដុំនៅកម្រាលអាងត្រគាកបាន។
ការនោមថយចុះ
ការនោមមិនទៀងទាត់ក៏ជាសញ្ញាមួយនៃជំងឺដែរ ហើយភាគច្រើនគឺជាការស្ទះ ឬមានការបង្ករោគ។ ជាមួយគ្នានេះដែរ បើសិនជាអ្នកនោមមិនបានច្រើនជាង ៤០០មីលីលីត្រក្នុងមួយថ្ងៃទេ អ្នកគួរតែធ្វើយ៉ាងណានោមឱ្យបានច្រើន។ ហើយបើសិនជានៅតែនោមមិនបានទៀងទាត់នោះ វាគួរតែដល់ពេលជួបគ្រូពេទ្យហើយ៕
ប្រភព៖ health