មីកញ្ចប់ ជាអាហារដ៏ពេញនិយម សម្រាប់ពេលអត់ម្ហូបញ៉ាំបាយ ពេលនៅម្នាក់ឯង ពេលឃ្លានភ្លាមៗ ពេលដាច់លុយ និងឱកាសជាច្រើនទៀត។ ងាយចម្អិន រហ័សបានញ៉ាំ ទាន់ចិត្ត ជាមូលហេតុដែលនាំឲ្យយើងជ្រើសរើសមីកញ្ចប់មកទទួលទាន។ ដោយដឹងថា “មី” ជាមិត្តម្នាក់ដ៏ជិតស្និត ក្នុងរបបអាហាររបស់ប្រិយមិត្តមួយចំនួនធំ យើងខ្ញុំសូមណែនាំអំពីវិធីមួយចំនួន ដើម្បីពិសាមីកញ្ចប់ មិនឲ្យប៉ះពាលសុខភាព។
១. មានមីកញ្ចប់ប្រភេទខ្លះមានលាយឡំនូវសារធាតុគីមី មានជាតិពុល ហេតុនេះ ពេលចម្អិនមីទទួលទាន លោកអ្នកគួរដាក់គ្រឿងមី តែពាក់កណ្ដាលបានហើយ ព្រោះថាក្នុងគ្រឿងមីនោះ សម្បូរទៅដោយប៊ីចេង និងសូដ្យូម ដែលផ្ដល់ផលមិនល្អចំពោះសុខភាព។
២. ពេលញ៉ាំមី គួរបន្ថែមសាច់ បន្លែ ជាមួយផង ព្រោះដើម្បីបំពេញនូវសារជាតិចិញ្ចឹមឲ្យបានច្រើន ក្នុងគោលបំនងរក្សាតុល្យភាពអាហារ។
៣. អំពីការស្រុសមីវិញ លោកអ្នកគួរត្រាំមីទុកចោលក្នុងទឹកក្ដៅ រយៈពេល៣នាទីសិន សឹមចាក់ទឹកចោល ហើយចាក់ទឹកក្ដៅចូលជាថ្មី ព្រមទាំងបង់សាច់ បន្លែ ស៊ុត ចូលបន្ថែមទៀត។
៤. ជ្រើសរើសយក ផលិតផលមី ដែលបញ្ចូលនូវ សារធាតុអ៊ីយ៉ូត សារធាតុដែក និងវីតាមីនA ដើម្បីឲ្យយើងអាចទទួលបានសារធាតុអាហារល្អៗថែមទៀត។
៥. មិនគួរទទួលទានមីជាប់ជាប្រចាំទេ ព្រោះធ្វើឲ្យរាងកាយយើងសម្បូរសារធាតុសូដ្យូមច្រើនពេក ដែលវាជាកត្តាជម្រុញឲ្យកើតជម្ងឺលើសឈាម៕
ប្រភព៖ rosemag