គ្រាប់បាល់នៅតង់ទី១របស់ខ្សែបម្រើបម្រុង Jordon Ibe បានជួយឲ្យក្រុម Liverpool មានប្រៀបក្នុងការប្រកួតដណ្តើមពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១របស់ពួកគេនៅលើទឹកដីក្រុម Stoke កាលពីថ្ងៃអង្គារ។
Ibe បានស៊ុតបាល់ផុតដៃអ្នកចាំទី Jack Butland ដើម្បីជួយឲ្យក្រុមរបស់លោក Jurgen Klopp ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ នៅរាត្រីមួយដែលបញ្ហារបួសរបស់ពួកគេកើតឡើងម្តងទៀត។ កីឡាករឆ្នើម Philippe Coutinho និងខ្សែការពារកណ្តាល Dejan Lovren សុទ្ធសឹងត្រូវបានប្តូរចេញនៅរយៈពេល៣៥នាទីដំបូងជាមួយនឹងបញ្ហា របួសសរសៃពួរគន្លាក់ជើង។
Coutinho បានរងរបួសក្នុងពេលព្យាយាមបញ្ជូនបាល់ឆ្លងមួយ ខណៈដែល Lovren មានការឈឺចុកចាប់ស្របពេលឈូសជើងដណ្តើមបាល់របស់កីឡាករ Xherdan Shaqiri។ វានៅតែត្រូវធ្វើការត្រួតពិនិត្យថា តើពួកគេនឹងអវត្តមានរយៈពេលយូរប៉ុណ្ណា ប៉ុន្តែ កីឡាករទាំងពីរហាក់ដូចជានឹងត្រូវបញ្ចូលឈ្មោះក្នុងបញ្ជីរបួស ក្នុងនោះរាប់បញ្ចូលទាំងប្រធានក្រុម Jordan Henderson ខ្សែប្រយុទ្ធ Daniel Sturridge និង Divock Origi និងខ្សែការពារកណ្តាល Martin Skrtel។
បើទោះបីបានជួបការខកចិត្តលើបញ្ហារបួសកីឡាករក៏ដោយ លោក Klopp នឹងរីករាយជាមួយនឹងការស្តារមុខមាត់ឡើងវិញរបស់ក្រុម ក្រោយពីការរងបរាជ័យយ៉ាងកក់ចិត្តរបស់ពួកគេក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម West Ham ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍៕
ប្រភព៖ Channel News Asia , cambosport