ម្ចាស់ ក្លិប Schalke 04 របស់ប្រទេសអាល្លឺម៉ង់ លោក Clemens Toennies កាលពីម្សិលមិញបានធ្វើការច្រានចោលការលក់កីឡាករអន្តរជាតិអាល្លឺម៉ង Leroy Sane ក្នុងតម្លៃខ្លួនដ៏ច្រើនមហិមាទៅឲ្យក្លិប Manchester City ក្នុងក្របខណ្ឌ Premier League។លោក Toennies បានប្រាប់សារព័ត៌មានបរទេសមួយឲ្យដឹងថា ក្លិបដែលស្ថិតនៅក្នុងក្របខណ្ឌ Bundesliga របស់លោក បានសម្រេចចិត្តមិនលក់ Sane ហើយក៏បានបញ្ជាក់ទៀតថា ពុំទាន់មានក្លិបណាមួយដែលស្នើរសុំទិញកីឡាកររូបនេះជាផ្លូវ ការនៅឡើយទេ។
សារព័ត៌មានបន្តថា កីឡាករ Leroy Sane បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិប Manchester City ដែលបានត្រៀមទិញកីឡាករវ័យ ១៩ ឆ្នាំរូបនេះក្នុងតម្លៃ ៥៩ លានដុល្លារដែលជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ អាល្លឺម៉ង។
គួររំលឹកផងដែរថា Leroy Sane បានចូលលេងជាលើកដំបូងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ងជាលើកដំបូងនៅ ជំនួបជាមួយនឹងក្រុមមាន់គកបារាំង កាលពីថ្ងៃទី ១៣ ខែវិច្ចិកា ឆ្នាំមុន៕
ប្រភព៖ Cambosport