ខ្សែ ប្រយុទ្ធអន្តរជាតិហ្គាបុង Pierre-Emerick Aubameyang ដែលជាតារាឆ្នើមរបស់ក្លិប Borussia Dortmund កាលពីថ្ងៃព្រហស្បតិ៍ បាននាំមុខលើខ្សែប្រើ Yaya Toure ដើម្បីឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់អាហ្វ្រិក។ ក្នុងការ បោះឆ្នោតមួយពីសំណាក់គ្រូបង្វឹក និងប្រធានបច្ចេកទេសនៃសមាជិកជាតិរបស់សហព័ន្ធកីឡាបាល់ទាត់ អាហ្រ្វិក Aubameyang ទទួលពិន្ទុសរុបចំនួន១៤៣ ដើម្បីនាំមុខលើតារាឆ្នើមរបស់ក្លិប Manchester City និងជាខ្សែបម្រើអន្តរជតិកូតឌីវ័រគឺ Toure ដែលទទួលបាន១៣៦ពិន្ទុ និងកំពុងតែសម្លឹងរកការឈ្នះពានរង្វាន់នេះជាលើកទី៥។
ខ្សែ ប្រយុទ្ធអន្តរជាតិហ្គាណា Andre Ayew របស់ក្លិប Swansea City បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន១១២ពិន្ទុ។ វាគឺជាការសងសឹកដ៏ផ្អែមល្ហែមមួយសម្រាប់ Aubameyang ក្រោយពីរូបគេបានបាត់បង់រង្វាន់នេះកាលពីឆ្នាំ២០១៤ ដោយសារតែ Toure ដែលបានឈ្នះពានរង្វាន់កិត្តយសដ៏មានកិត្យានុភាពនេះកាលពីឆ្នាំ២០១១ ២០១២ ២០១៣ និងឆ្នាំ២០១៤។ ប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិហ្គាបុងវ័យ២៦ឆ្នាំរូបនេះ បានស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្លិប Dortmund របស់ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
រូបគេក៏បានចាប់ផ្តើមយ៉ាងល្អឥតខ្ចោះក្នុងរដូវកាលមួយផងដែរ បើគិតចាប់តាំងពីផ្ទេរមកពីក្លិប Saint-Etienne កាលពីឆ្នាំ២០១៣ តាមរយៈការស៊ុតបាល់បញ្ចូលទី១៨គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga ១៧លើក និង២៧គ្រាប់ក្នុងរាល់ការប្រកួតទាំងអស់។ ទម្រង់លេងដ៏ល្អឥតខ្ចោះនេះបានធ្វើឲ្យរូបគេត្រូវបានគេទាក់ទង ជាមួយនឹងការផ្ទេរចេញពីក្លិបរបស់ Bundesliga មួយនេះ ខណៈដែលក្លិប Arsenal, Liverpool និង Manchester United សុទ្ធសឹងបានទាក់ទងរូបគេ៕
ប្រភព៖ Channel News Asia , cambosport