ការឈឺចុកចាប់សាច់ដុំ ជារឿងដែលឧស្សាហ៍កើតឡើងបំផុត សម្រាប់អ្នកលេងកីឡា និងអ្នកហាត់ប្រាណច្រើន។ វាជាផលវិបាកដែលគេច្រើនជួបប្រទះ ដោយសារតែការប្រឹងខ្លាំងពេករបស់សាច់ដុំ អំឡុងពេលហាត់ប្រាណ។ ទោះបីជាយ៉ាងណា ការហាត់តាមក្បូនខ្នាតត្រឹមត្រូវ អាចដោះស្រាយបញ្ហានេះបាន។
ដំណឹងល្អមួយទៀតនោះគឺ ការសិក្សាថ្មីមួយបានបង្ហាញអំពី សារៈប្រយោជន៍ដ៏អស្ចារ្យ របស់អាហារទាំង ៥ ប្រភេទ ដែលអាចជួយបង្ការ និងកាត់បន្ថយការឈឺចាប់សាច់ដុំ។
ត្រីសាលម៉ុន
ប្រូតេអ៊ីន និងជាតិខ្លាញ់អូមេហ្កាបី ដែលមាននៅក្នុងត្រីប្រភេទនេះ អាចជួយកាត់បន្ថយការឈឺចុកចាប់ បានជាច្រើនប្រភេទ ដូចជា ការឈឺខ្នង ឈឺចង្កេះ និងឈឺសរសៃ។ សារជាតិ Calcitonin ដែលមាននៅក្នុងត្រីសាលម៉ុន អាចជួយព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង និងការរលាកសន្លាក់ដ៏ទៃទៀតផងដែរ។
កាហ្វេ
អ្នកចូលចិត្តញ៉ាំកាហ្វេ ប្រហែលជាសប្បាយចិត្តខ្លាំងហើយមើលទៅ! ជាតិកាហ្វេអ៊ីន អាចជួយកាត់បន្ថយការឈឺចាប់ ដែលបណ្តាលមកពីការប្រើសាច់ដុំច្រើន ឬខ្លាំងក្លាពេក ជាពិសេស អំឡុងពេលហាត់ប្រាណ។ ការសិក្សាបានបង្ហាញថា ការផឹកកាហ្វេមួយពែង អាចបំបាត់ការឈឺចាប់ ដោយសារការហាត់ប្រាណ។
ខ្ញី
ខ្ញី ពិតជាអាចបន្ធូរបន្ថយការឈឺចាប់សាច់ដុំ និងសម្រួលសាច់ដុំឲ្យរលារដូចធម្មតាវិញ។ ខ្ញី មានផ្ទុកសារធាតុ gingerols ដែលជាភ្នាក់ងារប្រឆាំងនឹងការរលាក ការឈឺចាប់ និងការឈឺសន្លាក់បានផងដែរ។
ផ្លែទទឹម
ទទឹម មានសមត្ថភាពដ៏អស្ចារ្យ ក្នុងការបំបាត់ការឈឺចាប់សាច់ដុំ។ ទទឹម មានផ្ទុកសារធាតុជាច្រើន ដែលអាចប្រឆាំងនឹងការរលាក និងការឈឺចាប់សាច់ដុំ។
ប្ល៊ូបឺរី
សារធាតុ phytochemicals ដែលមាននៅក្នុងផ្លែឈើនេះ អាចជួយបន្ធូរបន្ថយការឈឺចាប់ និងការខូចខាតសាច់ដុំ បន្ទាប់ពីការហាត់ប្រាណ។ ប្ល៊ូបឺរី មានសារធាតុ anthocyanidins, flavonoids និង ellagic acid ដែលជួយកាត់បន្ថយការឈឺសាច់ដុំ៕
ប្រភព៖ health