តារាឆ្នើម Lionel Messi របស់ក្លិប Barcelona បានឈ្នះពានរង្វាន់បាល់មាស FIFA Ballon d’Or ជាលើកទី៥សម្រាប់កីឡាករឆ្នើមបំផុតក្នុងពិភពលោកក្នុងកម្មវិធីមួយនៅទីក្រុង Zurich កាលពីរាត្រីថ្ងៃចន្ទ។
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះបានទម្លាក់ម្ចាស់ពានបាល់មាសបីសម័យកាល Cristiano Ronaldo ដើម្បីបន្ថែមទៅលើពានចំនួន៤ដែលរូបកេបានឈ្នះចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។ ខ្សែប្រយុទ្ធអន្តរជាតិ Neymar ដែលក៏លេងឲ្យក្រុម Barcelona ផងដែរនោះ បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ក្នុងការបោះឆ្នោតមួយពីសំណាក់គ្រូបង្វឹកនៃក្រុមជម្រើសជាតិ ប្រធានក្រុមជម្រើសជាតិ និងអ្នកកាសែត។
Messi វ័យ២៨ឆ្នាំ បានឲ្យដឹងថា៖ «វាពិតជាពេលវេលាដ៏ពិសេសមួយក្នុងការវិលត្រឡប់មកវិញដើម្បីទទួលពាន Ballon d’Or ម្តងទៀត ក្រោយពីខកខានក្នុងការឈ្នះពីរឆ្នាំ ដែលនៅពេលនោះ Cristiano Ronaldo បានឈ្នះទាំងពីរលើក។ វាជារឿងដ៏អស្ចារ្យដែលវាជាការឈ្នះជាលើកទី៥របស់ខ្ញុំ។
ពាន Ballon d’Or មានន័យជាងខ្ញុំអាចសុបិនក្នុងពេលស្ថិតជាកុមារម្នាក់ទៅទៀត»។ Messi ដែលបានបោះឆ្នោតសម្រាប់មិត្តរួមក្រុម Barcelona របស់ខ្លួនគឺ Luis Suarez នោះ បានទទួលសំឡេងឆ្នោត៤១ភាគរយ ខណៈដែល Ronaldo ទទួលបាន២៨ភាគរយ ហើយ Neymar ទទួលបាន៨ភាគរយ។ លោក Luis Enrique គ្រូបង្វឹកនៃក្រុម Barcelona របស់គេ បានឈ្នះពានគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ខណៈដែល Jill Ellis បានឈ្នះពានកីឡាការិនីឆ្នើមប្រចាំឆ្នាំ។
កីឡាការិនីរូបនេះ បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិនារីរបស់អាមេរិកឈ្នះពាន World Cup នៅកាណាដា កាលពីរដូវក្តៅមុនតាមរយៈការផ្តួលក្រុមជម្រើសជាតិជប៉ុនក្នុងលទ្ធផល ៥-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ៕
ប្រភព៖ Channel News Asia , cambosport