គ្រាប់បាល់តាមស្មើរបស់ខ្សែបម្រើ Joe Allen បានជួយឲ្យក្រុម Liverpool ទទួលបានលទ្ធផលស្មើ ៣-៣ ក្នុងផ្ទះខ្លួនឯងពេលប្រកួតជាមួយនឹងក្រុម Arsenal កាលពីថ្ងៃពុធ ខណៈដែលក្រុម Leicester City បានតាមស្មើពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីផ្តួលក្រុម Tottenham Hotspur ១-០។ ខ្សែបម្រើអន្តរជាតិវេលស៍រូបនេះ បានស៊ុតបាល់បញ្ចូលទីយ៉ាងខ្លាំងនៅពីមុខអ្នកទស្សនាដ៏ច្រើនកុះ ករនាកីឡដ្ឋាន Anfield ដើម្បីរារាំងមិនឲ្យក្រុម Arsenal ទទួលបានជ័យជម្នះមួយដែលនឹងរក្សាធ្វើឲ្យក្រុមរបស់លោក Arsene Wenger នាំមុខពីរពិន្ទុនៅលើកំពូលតារាង។
ស្របពេលជាមួយគ្នានេះ កីឡាករ Robert Huth បានរកគ្រាប់បាល់ឈ្នះនៅនាទី ទី៨៣ ខណៈដែលក្រុម Leicester បានទទួលជ័យជម្នះ ១-០ លើក្រុមឈរលេខ៤ Tottenham ហើយ Manchester City នៅតែដេញតាមពីក្រោយ៣ពិន្ទុដដែលដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ក្រោយពីបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងផ្ទះខ្លួនឯងនៅពេលប្រកួតជាមួយនឹងក្រុម Everton។
លោក Wenger អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានប្រាប់ទូរទស្សន៍ BBC ថា៖ «ខ្ញុំពិតជាខកចិត្តណាស់ ប៉ុន្តែ សរុបមក ខ្ញុំមិនអាចស្តីបន្ទោសទៅលើការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រុមបានឡើយ។ ខ្ញុំបានទទួលអារម្មណ៍ថា យើងបានចាប់ផ្តើមមិនបានល្អឡើយ។ យើងចេញតាមពីក្រោយ ១-០ ហើយបន្ទាប់មកយើងបាចាប់ផ្តើមលេងល្អ។ យើងចាកចេញពីការប្រកួតនេះជាមួយនឹងចំណុចវិជ្ជមានជាច្រើន ប៉ុន្តែ នៅតែមានការសោកស្តាយជាច្រើន»៕
ប្រភព៖ Channel News Asia , cambosport