ភ្នំពេញ៖ ខេមរសហព័ន្ធតៃក្វាន់ដូ ដែលខំជម្នះដើរទៅមុខជាមួយនឹងការបែកបាក់ផ្ទៃក្នុង សម្រាប់ការដឹកនាំអាណត្តិទី ៤ (ឆ្នាំ ២០១១ ឆ្នាំ ២០១៥) នោះ បានសម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីន តាមរយៈការប្រកាសរំសាយសមាជិកគណៈកម្មាធិការប្រតិបត្តិចាស់ និងបានជ្រើសរើសឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើជាប្រធានវិញម្ដង។
ឯកឧត្តម ហង់ ជួនណារ៉ុន ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធាន ខេមរសហព័ន្ធតៃក្វាន់ដូ នៅក្នុងមហាសន្និបាតអាណត្តិទី ៤ (ឆ្នាំ ២០១១ ឆ្នាំ ២០១៥) និងបន្ដអាណត្តិទី ៥ (ឆ្នាំ ២០១៦ ឆ្នាំ២០២០) នៅទីស្នាក់ការ NOCC កាលពីថ្ងៃអាទិត្យ ហើយលោកឧត្ដមសេនីយ៍ឯក នួន ភា ដែលជាប្រធានអាណត្តិចាស់នោះ ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានកិត្តិយសវិញម្ដង។
ចំណែកលោក ជ្រិន សុធា និង លោក ហែម សំណាង បានជាប់ឆ្នោតធ្វើជាអនុប្រធាន លោក គង់ សក្ខិដា បន្ដធ្វើជាអគ្គលេខាធិការ ហើយលោកជា សារ៉ាត ជាអគ្គលេខាធិការរង លោក ជាតិ ខេមរា ជាអគ្គហេរញ្ញិក រួមជាមួយសមាជិកចំនួន ៥ រូបទៀតមានលោក ឃឹម សត្ថា លោក សំ សុខយី កញ្ញា ច័ន្ទ មិថុនា លោក ឌឿន សុខជា និង លោក ផន សុភា ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺខេមរសហព័ន្ធតៃក្វាន់ដូ ដែលធ្លាប់គ្រប់គ្រងទាំងតៃក្វាន់ដូស្ទីល WTF (World Taekwondo Federation) របស់កូរ៉េខាងត្បូង និង ITF (International Taekwondo Federation) របស់កូរ៉េខាងជើងនោះ ត្រូវបានបំបែកជា ២ វិញ ប៉ុន្តែខេមរសហព័ន្ធតៃក្វាន់ដូ ស្ទីល ITF នៅមិនទាន់ធ្វើមហាសន្និបាត រកមេដឹកនាំរបស់ខ្លួននៅឡើយទេ។
នៅក្នុងមហាសន្និបាតនោះដែរ លោក នួន ភា ត្រូវបានស្ថាប័ន World Taekwondo Headquaters (KUKKIWON) ប្រគល់វិញ្ញាបនប័ត្រកិត្តិយស និងបំពាក់ខ្សែក្រវាត់ខ្មៅ ៦ ដាន់ ហើយ លោក នួន ភា រួមជាមួយលោក ជ្រិន សុធា លោក គង់ សក្ខិដា លោក ជាតិ ខេមរា លោក ឃឹម សត្ថា និងគ្រូបង្វឹកជម្រើសជាតិគឺលោក ឆយ យ៉ុងសុក ក៏ទទួលបានមេដាយការងារពីរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។
អង្គមហាសន្និបាត ក៏បានស្តាប់ពីរបាយការណ៍ទាក់ទងទៅនឹងចំណូលចំណាយ សកម្មភាពការងារក្នុងស្រុកក្រៅស្រុក ការវាយតម្លៃពីចំណុចខ្លាំងចំណុចខ្សោយ សម្រាប់អាណត្តិចាស់ផងដែរ ខណៈលក្ខន្តិកៈថ្មីរបស់ខេមរសហព័ន្ធតៃក្វាន់ដូ ក៏ត្រូវបានយកមកបង្ហាញនៅក្នុងមហាសន្និបាតនោះផងដែរ។
ឯកឧត្តម ហង់ ជួនណារ៉ុន ដែលទើបត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធាន បានអះអាងថា ឯកឧត្តមនឹងជំរុញឲ្យសហព័ន្ធនេះ ពង្រីកក្លឹបនៅតាមសាលារៀនខេត្តក្រុងឲ្យបានច្រើន ដើម្បីបង្កើនបរិមាណ និងរកឃើញនូវគុណភាព ហើយលោកក៏នឹងបំផុសឲ្យកុមារ យុវជន ចូលរួមហាត់តៃក្វាន់ដូ ឲ្យបានច្រើន។
បន្ថែមលើនេះ អង្គមហាសន្និបាត បានកំណត់ទិសដៅធំៗចំនួន ១៣ ដើម្បីពង្រឹង និងពង្រីកពីសក្តានុពលរបស់តៃក្វាន់ដូ ក្នុងនោះមានបង្កើនការងារប្រជុំ និងការយកចិត្តទុកដាក់ត្រួតពិនិត្យជាមួយក្លឹបជាសមាជិក, ជំរុញឲ្យមានវគ្គសិក្ខាសាលាគ្រូបង្វឹកអាជ្ញាកណ្តាល, ជំរុញឲ្យគ្រូបង្វឹក អាជ្ញាកណ្តាលទៅហាត់នៅក្រៅប្រទេស, បង្កើនអាជ្ញាកណ្តាលអន្តរជាតិ, ពង្រឹងអាជ្ញាកណ្តាលអន្តរជាតិក្នុងការចូលរួមវគ្គបំប៉ននៅក្រៅ ប្រទេស, ពង្រឹងការប្រឡងខ្សែក្រវាត់ខ្មៅដាន់ KUKKIWON, បង្កើនការប្រកួតទាំងក្នុងស្រុក និងក្រៅប្រទេសជារៀងរាល់ឆ្នាំ, រៀបចំបណ្តុះថ្នាល និងប្រកួតកុមារអាយុក្រោម ១២ ឆ្នាំ (U12) U14 U18 និងអាយុ ១៨ ឆ្នាំឡើង, ត្រៀមបញ្ជូនអត្តពលិកទៅហាត់នៅក្រៅប្រទេស, ត្រូវបញ្ជូនអត្តពលិកទៅប្រកួតជម្រុះអូឡាំពិក ឆ្នាំ ២០១៦ នៅហ្វីលីពីន, បង្កើន និងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ, បង្កើនប្រព័ន្ធផ្សាយផ្នែកបច្ចេកវិទ្យា និងបង្កើនទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ ឯកជន និងអង្គការអន្តរជាតិនានា៕
ប្រភព៖ postkhmer