ក្រុម អ្នកវិទ្យាសាស្ត្រស្វ៊ីសបានអះអាងថា បុគ្គលដែលជក់បារី ទទួលទានគ្រឿងស្រវឹងច្រើន មិនហាត់ប្រាណ និងទទួលទានរបបអាហារគ្មានប្រយោជន៍ដល់សុខភាព ប្រឈមនឹងការស្លាប់មុនអាយុខ្ពស់ជាងបុគ្គលអនុវត្តខ្ជាប់ខ្ជួនការ រស់នៅល្អដល់ទៅស្វ័យគុណ២,៥ដង ។
Eva Martin-Diener សមាជិកក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Zurich បានថ្លែងថា និយាយដោយស្មោះត្រង់ទៅ ការរស់នៅល្អអាចជួយឱ្យមនុស្សគ្រប់គ្នារក្សាបានភាពវ័យក្មេងដល់ ទៅ១០ឆ្នាំ ។
ការយកចិត្តទុកដាក់ជាពិសេសក្នុងពេលឥឡូវនេះគឺផ្តោតទៅលើកត្តាជា គន្លឹះ៤ផ្សេងៗគ្នា ក្នុងនោះមានការជក់បារី របបអាហារមិនល្អ អសកម្មរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ អំឡុងការពិសោធ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលទិន្នន័យអ្នកស្ម័គ្រចិត្តវ័យពី ១៦-៩០ឆ្នាំជាង១ម៉ឺននិង៦ពាន់នាក់ដោយផ្អែកលើកត្តាដែលបាន រៀបរាប់៤ចំណុចពីខាងដើម ។
ការជក់បារីគឺជាកត្តាលេចធ្លោជាងគេដែលបំផ្លាញដល់សុខភាព ។ ប្រៀបធៀបនឹងក្រុមដែលមិនជក់ឃើញថា ក្រុមអ្នកជក់ប្រឈមនឹងហានិភ័យស្លាប់មុនអាយុដល់ទៅ៥៧ភាគរយ។ ចំណែក កត្តា៣ផ្សេងទៀតមានដូចជា របបអាហារមិនល្អ អសកម្មរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង បង្កើនហានិភ័យរៀងៗខ្លួន១៥ភាគរយ ។
Brian Martin អ្នកដឹកនាំការស្រាវជ្រាវបានថ្លែងថា៖ «យើងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះតួលេខហានិភ័យគុណនឹង២,៥ដងនៅពេល ដែលកត្តាប្រឈមទាំង៤ត្រូវបានបូកបញ្ចូលគ្នា» ។ យោងតាមលោក Martin អ្វីដែលសំខាន់ជាងគេបំផុតនោះគឺការរស់នៅមិនល្អនឹងផ្តល់ផលអាក្រក់ យូរអង្វែងជាងគេ ។
ជាការសន្និដ្ឋានរួម ក្រុមរបស់លោកបានបញ្ជាក់ថា លទ្ធភាពរបស់បុរសវ័យ៧៥ឆ្នាំដែលមិនជាប់ក្នុងកត្តាហានិភ័យទាំង៤ ចំណុចខាងដើម អត្រារស់រានមានជីវិតរយៈពេល១០ឆ្នាំក្រោយគឺមាន៦៧ភាគរយ ខណៈស្ត្រីមាន៧៤ភាគរយ ៕
ប្រភព៖ kohsantepheapdaily