មិនខ្វល់ថាអ្នកមានអាការៈតឹងច្រមុះដោយសារជំងឺផ្តាសាយ រលាកប្រហោងឆ្អឹងក្នុងច្រមុះ ឬអាឡែហ្ស៊ីឡើយ អ្នកនៅតែអាចលុបបំបាត់វាបានដដែលទេ។ វាអាចជារឿងមួយគួរឱ្យអាម៉ាស់ដែរ ជាពិសេសបើសិនជាមានអ្វីមួយកើតជាមួយនឹងការហៀរសម្បោរនោះ។
ខណៈពេលដែលមានថ្នាំជាច្រើនដែលអាចជួយបំបាត់ការតឹងច្រមុះនោះ វាទំនងជាអាចបង្កជាផលរំខានណាផ្សេងទៀតដូចជា ស្ងួតមាត់ ឈឺក្បាល និងងងុយគេង។ សំណាងដែរ យើងមានវិធីព្យាបាលមួយចំនួនដែលអាចធ្វើដោយខ្លួនឯងបាន ក្នុងការបំបាត់ការតឹងច្រមុះ។ នៅពេលមានបញ្ហាតឹងច្រមុះភ្លាម ចូរព្យាយាមប្រើវិធីធម្មជាតិដូចខាងក្រោមនេះទៅ។
ងូតទឹកក្តៅឧណ្ហៗ
ការងូតទឹកក្តៅឧណ្ហៗអាចជួយអ្នកយកឈ្នះអារម្មណ៍នៃការតឹងច្រមុះ ឬហៀរសម្បោរបាន។ អ្វីដែលសំខាន់នោះគឺថា វាជួយឱ្យដកដង្ហើមកាន់តែស្រួលព្រោះតែចំហាយរបស់ទឹកក្តៅនឹងទៅ រំលាយភាពខាប់របស់ស្លេស្មដែលកំពុងតែស្ទះក្នុងច្រមុះ។ ដូច្នេះវានឹងជួយបំបាត់ការតឹងច្រមុះបានបណ្តោះអាសន្នដែរ។
ទឹក
មិនខ្វល់ថាអ្នកមានបញ្ហាតឹងច្រមុះឬអត់ទេ ការញ៉ាំទឹកកាន់តែច្រើនគឺជារឿងល្អមួយចំពោះសុខភាព។ ការបង្គ្រប់ជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់គឺជាអត្ថប្រយោជន៍បន្ថែម មួយបើសិនជាការតឹងច្រមុះកំពុងតែធ្វើទុក្ខអ្នកខ្លាំង។ ការញ៉ាំទឹកកាន់តែច្រើននឹងជួយពង្រាវស្លេស្ម។ បើសិនជាស្ថានភាពជំងឺនេះមានជាប់ទាក់ទងនឹងការរលាកបំពង់ក ចូរញ៉ាំទឹកក្តៅ ឬតែឱ្យបានច្រើន ព្រោះវាអាចជួយបំបាត់ការឈឺបំពង់កបាន។
តែជីអង្កាម
ការញ៉ាំតែជីអង្កាមនឹងជួយបំបាត់ការតឹងច្រមុះបានតាមបីរបៀប។ របៀបទី១ វាផ្ទុកទៅដោយសារធាតុ Menthol ដែលអាចជួយសម្អាតផ្លូវដង្ហើម ដូច្នេះវានឹងជួយដល់ការដកដង្ហើមកាន់តែស្រួល។ ទី២ ចំហាយរបស់តែជីអង្កាមនឹងទៅពង្រាវស្លេស្ម។ ទី៣ ការញ៉ាំតែជីអង្គាមនឹងក្លាយទៅជាជាតិទឹកប្រចាំថ្ងៃរបស់អ្នកបាន។
ខ្ទឹមស
បើសិនជាតឹងច្រមុះដោយសារតែការបង្ករោគដោយបាក់តេរី ឬវីរុស ខ្ទឹមសប្រហែលជាអាចក្លាយទៅជារបស់ព្យាបាលដ៏អស្ចារ្យមួយបាន។ ចូរស្ងោរខ្ទឹមសពីរទៅបីកំប៉ឹសក្នុងទឹកមួយពែង ហើយញ៉ាំវានៅពេលត្រជាក់ទៅ។ អ្នកក៏អាចញ៉ាំខ្ទឹមសឆៅរាល់ថ្ងៃបានដែរខណៈពេលដែលកំពុងតែតឹង ច្រមុះដើម្បីទទួលបានប្រយោជន៍ជាការសម្លាប់មេរោគរបស់វា។
ស្អំទឹកក្តៅ
វិធីសាស្ត្រដ៏អស្ចារ្យមួយក្នុងការដោះស្រាយបញ្ហាតឹងច្រមុះព្រមទាំង មិនមានផាសុខភាពក្នុងគឺធ្វើឡើងជាមួយនឹងការស្អំទឹកក្តៅ។ ចូរប្រើទឹកក្តៅកន្សែងពោះគោជ្រលក់ក្នុងទឹកក្តៅឧណ្ហៗរួចពូតឱ្យ ស្ងួត បន្ទាប់មកយកមកដាក់លើច្រមុះ ហើយសម្រាកចុះ។ ការធ្វើបែបនេះនឹងជួយសម្រាលការឈឺក្បាលផងដែរ៕
ប្រភព៖ thekhmerpage