ថ្មីៗនេះ គ្រូបង្វឹក Manuel Pellegrini របស់ក្លឹប Manchester City មានក្តីសង្ឃឹមថា កាពីតែនក្រុម Vincent Kompany ពិតជាអាចត្រលប់មកហ្វឹកហាត់វិញបាននៅសប្តាហ៍ក្រោយនេះ។ កីឡាករ Kompany បានរងរបួសសាច់ដុំភ្លៅថ្ងៃ Boxing Day ដែលក្លឹប Man City បានយកឈ្នះក្លឹប Sunderland នៅក្នុងលទ្ធផល 4-1 ។
លោក Pellegrini បាននិយាយថា “កីឡាករ Vincent ត្រូវសម្រាកព្យាបាលរបួស ហើយអ្នករាល់គ្នាក៏បានដឹងរឿងនេះដែរ។ គាត់នឹងអាចវិលត្រលប់មកលេងវិញបាននៅសប្តាហ៍ក្រោយនេះ ខ្ញុំសង្ឃឹមបែបនេះ យើងនឹងបានជួបគាត់ហើយ។ ” គ្រូបង្វឹករូបនេះក៏សង្ឃឹមទៅលើការវិលត្រលប់របស់ Fernandinho ផងដែរដែលរងរបួសថ្ងៃប្រកួតនៅ Upton Park ។
លោក Pellegrini បានបន្ថែមថា “នៅសប្តាហ៍ក្រោយនេះ កីឡាករខ្លាំងៗរបស់យើងនឹងវិលត្រលប់មកវិញ ហើយខ្សែប្រយុទ្ធរបស់យើងក៏ច្រើនដូចមុនដែរ។ បើទោះបីជាកីឡាករ Bony រងរបួសពិតមែន ប៉ុន្តែខ្ញុំគិតថាវាមិនយូរនោះទេ។ នៅថ្ងៃច័ន្ទខាងមុខនេះ គាត់ប្រហែលជាអាចវិលមកហ្វឹកហាត់បានហើយ។”
“យើងគិតថាការ ប្រកួតជាមួយនឹងក្លឹប West Ham ពិតជាមិនងាយស្រួលនោះទេ កាលនៅទឹកដីរបស់យើងពួកគេបានយកឈ្នះយើង ប៉ុន្តែយើងមានឱកាសដល់ទៅ 20 លើកដែរប៉ុន្តែមិនអាចរកគ្រាប់បាល់បាននោះទេ។ ខ្ញុំគិតថាការប្រកួតលើកនេះយើងនឹងអាចរកគ្រាប់បាល់បាន 3 ពិន្ទុមកវិញដើម្បីត្រៀមខ្លួនប្រកួតប្រជែងពានរង្វាន់ Premier League ផងដែរ។ បើឈ្នះពានរង្វាន់ជើងឯកមែន វាពិតជាល្អណាស់សម្រាប់ពួកយើង៕”
ប្រភព៖ goal.com , sportkh