បន្ទាប់ ពីក្លឹប Manchester United បានប្រកួតចាញ់ក្លឹប Southampton លទ្ធផល 2-1 នៅក្នុងទឹកដី Old Trafford កន្លងមកនេះ សន្និសីទកាសែតមួយបានស្រង់យកសម្តីរបស់គ្រូបង្វឹក Louis Van Gaal ថា គាត់ពិតជាមានអារម្មណ៍តានតឹងយ៉ាងខ្លាំងជាមួយនឹងលទ្ធផលរបស់ក្លឹប Man Utd។ ប្រភពច្បាស់ការណ៍បញ្ជាក់ថា គ្រូបង្វឹក Van Gaal មិនបានដាក់លិខិតលាឈប់ពីក្លឹបបិសាចក្រហម Manchester United នោះទេ។
គ្រូបង្វឹក Van Gaal ធ្លាប់បានប្រាប់អ្នកសាព័ត៌មានកាលពីខែធ្នូក្រោយពេលប្រកួតចាញ់ ក្លឹប Stoke នៅក្នុងលទ្ធផល 2-0 ថា ការធ្លាក់ទៅដល់តំបន់កាត់ចោលគឺមិនអាចទៅរួចនោះទេសម្រាប់ក្លឹប Man Utd ហើយអ្វីដែលគាត់ខ្លាចបំផុតគឺមានឈ្មោះត្រូវគេបណ្តេញចេញតែម្តង។ “ខ្ញុំអាចសម្រេចចិត្តចាកចេញដោយខ្លួនឯងបាន ហើយរឿងនេះចាំខ្ញុំនិយាយជាមួយនឹងលោក Ed Woodward ដោយខ្លួនឯង។”
ក្រោយពេលដែលដឹកនាំក្លឹប Man Utd ជួបគ្រោះស៊យជាញឹកញាប់កន្លងមកពេលនេះ អនាគតរបស់គ្រូបង្វឹក Louis Van Gaal វ័យ 64 ឆ្នាំរូបនេះនៅមិនទាន់ច្បាស់ការនោះទេ ព្រោះការដណ្តើមពានរង្វាន់ជើងឯក Premier League ក៏កាន់តែឃ្លាតឆ្ងាយហើយ។ ក្រោមកុងត្រារយៈ 3 ឆ្នាំជាមួយនឹងក្លឹប Man Utd កាលពីរដូវក្តៅឆ្នាំ ២០១៤ គ្រូបង្វឹក Louis Van Gaal បានដឹកនាំបាន 17 ខែហើយ បើសិនជាគ្រូបង្វឹករូបនេះបណ្តេញចេញពិតមែន Van Gaal ធ្លាប់បានប្រកាសហើយថា Man Utd ជាក្លឹបចុងក្រោយបង្អស់ដែលគាត់ដឹកនាំ៕
ប្រភព៖ goal.com , sportkh