ភ្នំពេញ៖ វីរុស Zika គឺជាវីរុសម្យ៉ាងដែលគេរកឃើញថា បានឆ្លងមកពីសត្វមូសខាំ ដែលបង្កឱ្យកើតជំងឺគ្រុនម្យ៉ាងធ្ងន់ធ្ងរ ស្រដៀងនឹងជំងឺគ្រុនឈាមផងដែរ ។ បរិមាណមូសនៅប្រទេសកម្ពុជានាប៉ុន្មានខែចុងក្រោយនេះ ត្រូវក្រុមជំនាញនិយាយថា មានចំនួនច្រើនបើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលនាំឲ្យក្រសួងសុខាភិបាល បារម្ភចំពោះការឆ្លងជំងឺមួយចំនួនដោយសារមូសខាំ។ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះបាញ់ថ្នាំសម្លាប់មូសនៅជាយក្រុង ដើម្បីការពារជំងឺគ្រុនឈាមនិងទប់ស្កាត់ជំងឺគ្រុនម្យ៉ាងដែលឆ្លង ពីវិរុស Zika ។
មន្ទីរសុខាភិបាលនៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៦ បានចាត់មន្ត្រីចុះបាញ់ថ្នាំសម្លាប់មូស នៅតំបន់ជម្រកមូសមួយចំនួន ក្នុងខណ្ឌសែនសុខរាជ ធានីភ្នំពេញ ។ ប្រធានកម្មវិធីគ្រុនចាញ់ គ្រុនឈាមនៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត តាំង ប៊ុនឃីម បានបញ្ជាក់ឱ្យដឹងថា ក្រសួងសុខាភិបាលបានណែនាំដល់មន្ទីរសុខាភិបាលរាជធានី និងខេត្ត ត្រូវអនុវត្តវិធានការកម្ចាត់មូសព្រមៗគ្នា គ្រាដែលវិរុស Zika កំពុងឆ្លងរាលដាលខ្លាំងនៅតំបន់អាម៉េរិកខាងត្បូង អឺរ៉ុបជាដើម ។
វីរុស Zika ត្រូវបានអង្គការសុខាភពពិភពលោកប្រកាសថា គឺជាបញ្ហាកង្វល់សម្រាប់សុខភាពសាធារណៈជាអន្តរជាតិ ។ ការប្រកាសនោះ ដោយសារជំងឺនេះ បានឆ្លងតាមរយៈមូសខាំ និងបានរីករាលដាលខ្លាំងនារយៈពេលចុងក្រោយនេះ ជាពិសេសគឺតំបន់អាម៉េរិកខាងត្បូង,… អឺរ៉ុប,… អាហ្វ្រិក និងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាដើម ។ រោគសញ្ញាអ្នកជំងឺដែលឆ្លងវីរុស Zika បណ្ដាលឱ្យអ្នកជំងឺមានអាការៈក្តៅខ្លួន ឈឺក្បាល មានកន្ទួលក្រហមលើស្បែក ក្រហមភ្នែក និងឈឺសន្លាក់ជាដើម ។ អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា គេកំពុងព្រួយបារម្ភថា ស្ត្រីមានផ្ទៃពោះ ដែលរងវីរុស Zika នឹងអាចបណ្ដាលឱ្យកូនកើតមកមានក្បាលតូច ខុសពីធម្មតាថែមទៀត ។
អង្គការសុខភាពពិភពលោកបានប្រកាសនៅថា ក្នុងរយៈពេល ១២ខែ ចុងក្រោយ គ្រាន់តែនៅក្នុងទ្វីបអាម៉េរិកតែមួយ អ្នកជំងឺឆ្លងវីរុស Zika មានប្រមាណពី៣ ទៅ ៤លាននាក់ ហើយ ៕