ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសរសេរបង្ហាញថា រយៈពេល៥ថ្ងៃ ដែលចេញទៅប្រជុំកំពូលពិសេស មេដឹកនាំអាស៊ាន-អាមេរិក បានផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដល់ភាគីទាំងពីរ អាស៊ាន-អាមេរិក និងដល់ភាគីសមាជិកអាស៊ាននីមួយៗ។ ទន្ទឹនឹងនោះសម្ដេច បានលើកឡើងថា ថ្ងៃនេះជាថ្ងៃកីឡា ដើម្បីសុខភាព និងការកំសាន្តសប្បាយ។
នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ សម្ដេចបានសរសេរថា រយៈពេល ៥ថ្ងៃ ដែលចេញទៅប្រជុំ កំពូលពិសេស មេដឹកនាំអាស៊ាន អាមេរិកដែលផ្តល់ ផលប្រយោជន៏យ៉ាងច្រើន ដល់ភាគទាំងពីរអាស៊ាន-អាមេរិក និងដល់រដ្ឋសមាជិកអាស៊ាននីមួយៗ នៅជាប់សណ្ឋាគារខ្ញុំស្នាក់នៅ និងទីក្រុងដែលប្រជុំ មានតារាងវាយកូនគោល យ៉ាងច្រើនហើយមានភ្លើង សម្រាប់វាយយប់ទៀតផង"។
សម្ដេចបានសរសេរបន្តថា "ប្រធានាធិបតីអាមេរិក អូបាម៉ា បាននិយាយក្នុងអង្គប្រុំថា សូមអញ្ជើញថ្នាក់ដឹកនាំ អាស៊ានលេងកូនគោល ដោយឡែករដ្ឋមន្ត្រី ការបរទេសអាមេរិក ដែលធ្លាប់ស្គាល់ និងធ្វើការជាមួយខ្ញុំប្រមាណជិត ៣០ឆ្នាំមកហើយនោះ បានខិតខំជំរុញខ្ញុំឲ្យវាយកូនគោល ដោយគាត់ជួយរៀបចំឲ្យ តែគួរឲ្យស្តាយខ្ញុំងងុយដេកពេក ព្រោះពេលនោះខ្ញុំ ទម្លាប់តាមម៉ោងកម្ពុជា"។
សម្ដេច បានបានសរសេរបញ្ជាក់ថា "ពេលនេះមកដល់កម្ពុជាវិញ តែបែរជានៅទម្លាប់ តាមម៉ោងអាមេរិក មានតែវាយកូនគោលទេ នៅព្រឹកនេះទើប មិនងងុយដេក ឯកសារដែលខ្ញុំនៅជំពាក់ មិនទាន់បានពិនិត្យសម្រេច និងចុះហត្ថលេខា ត្រូវបានបញ្ចប់រួចរាល់ ពីម្សិលមិញទៅហើយ ថ្ងៃនេះជាថ្ងៃកីឡា ដើម្បីសុខភាព និងការកំសាន្តសប្បាយ៕